តារាសម្តែងស្រីកូរ៉េខាងត្បូង Park Ji Ah បានទទួលមរណភាពនៅថ្ងៃទី ៣០ ខែកញ្ញានេះ ក្នុងវ័យ ៥២ ឆ្នាំ។
ទីភ្នាក់ងាររបស់តារារូបនេះគឺផលិតកម្ម Billions បានប្រកាសថា “Park Ji Ah បានទទួលមរណភាពនៅថ្ងៃនេះនៅម៉ោង ២ និង ៥០ នាទីទាបភ្លឺ ក្នុងអាយុ ៥២ ឆ្នាំបន្ទាប់ពីមានបញ្ហាដាច់សរសៃឈាមខួរក្បាល និងមិនអាចជួយសង្គ្រោះបាន។ ពិធីបុណ្យសពនឹងធ្វើឡើងនៅថ្ងៃទី០២ ខែតុលា វេលាម៉ោង១០ព្រឹក។”
ខាងផលិតកម្មក៏បានបង្ហាញការរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ពួកគេ ដោយនិយាយថា “ពួកយើងនឹងចងចាំជារៀងរហូតនូវឆន្ទៈមោះមុតរបស់ Park Ji Ah ដែលស្រលាញ់ការសម្ដែងរហូតដល់ដង្ហើមចុងក្រោយ” ។
ដំណឹងមរណភាពរបស់អ្នកស្រីបានបង្កភាពតក់ស្លុតនិងក្រៀមក្រំខ្លាំងសម្រាប់អ្នកសិល្បៈកូរ៉េ។ ក្នុងនោះ តារាសម្ដែង Song Hye-kyo បានផ្ញើកម្រងផ្កាទៅគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្រី ខណៈតារាសម្ដែង Park Sung-hoon, Jung Sung-il, Kim Hieora និង Kim Gun-woo ត្រូវបានគេរំពឹងថានឹងទៅចូលរួមកន្លែងបុណ្យសពដោយផ្ទាល់។
គួររំឭកថា តារាសម្ដែង Park Ji Ah បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្ត “Coastline” នៅឆ្នាំ២០០២ និងបានបន្សល់ទុកនូវស្នាដៃល្បីជាច្រើនទៀតដូចជាភាពយន្ត “Epitaph” ក្នុងឆ្នាំ២០០៧ ភាពយន្ត “Gonjiam: Haunted Asylum” នៅឆ្នាំ២០១៨ ក៏ដូចជារឿងភាគរបស់ Netflix ‘The Glory’ ដែលតារារូបនេះបានដើរតួជា Jung Mi Hee ម្តាយរបស់តួអង្គ Song Hye Kyo។ កាលពីខែឧសភា កន្លងទៅ អ្នកស្រីក៏បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីសម្ពោធភាពយន្ត “Wonderland” ផងដែរ ៕