លោកស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរនាពេលបច្ចុប្បន្ន បានប្រកាសពីការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី នាពេលខាងមុខនេះ។

ក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតបានសម្រេចជ្រើសរើសបេក្ខជនផ្លូវការ ៣ រូប ដែលទទួលបានសិទ្ធិពេញលេញក្នុងការឈរឈ្មោះ រួមមាន៖ អតីតតារាសម្តែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និង លោក ផាត់ តារារដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី។ សិល្បករ-សិល្បការិនី ជាអង្គបោះឆ្នោតមានសិទ្ធិបោះឆ្នោតជូនបេក្ខភាពដែលពួកគេពេញចិត្ត ដើម្បីឱ្យក្លាយជាប្រធានសមាគមសម្រាប់អាណត្តិថ្មី។



យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានរយៈពេល ៥ ឆ្នាំម្តងក្នុងមួយអាណត្តិ ។ ប៉ុន្តែ ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានថ្មីត្រូវបានយឺតយ៉ាវអស់រយៈពេល ១ ឆ្នាំដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ទើបលោកស្រី ចន ច័ន្ទលក្ខិណា ប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី ដែលពិធីនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។
ឆាប់ៗនេះលោកអ្នកនឹងបានដឹងថា ម្នាក់ក្នុងចំណោមបេក្ខភាព ៣ រូបខាងលើនេះ នឹងក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ (២០២៤-២០២៩) ដើម្បីដឹកនាំសិល្បករ-សិល្បការិនីខ្មែរយើងឆ្ពោះទៅរកការអភិវឌ្ឍន៍ល្អមួយនាពេលអនាគត។

សូមជម្រាបផងដែរថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។
មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ ៕























Account
Security
Favourite Content