តារាចម្រៀងឯករាជ្យ នីគីនីគី បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបសហសម័យ តាមសម័យកាលរបស់ប្រទេសកម្ពុជា ម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ catwalk លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN & MOON, Riverside Hotel។
ក្នុងនោះ នីគី បានដើរបង្ហាញឈុតពិសេសជាងគេបង្អស់ឈ្មោះថា ទេពអប្សររំដួលបរមវិស្ណុលោក ច្នៃឡើងពីស្បែកគោ (ដកស្រង់ពីល្ខោនស្រមោលស្បែកធំ) ដែលមានរំលេចដោយភ្លើងពណ៌ មានភ្លឺចែងចាំងពេលដើរបង្ហាញម៉ូដ។




តាមការបញ្ជាក់ឱ្យដឹងពីអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ឈុតដែល នីគី បានដើរបង្ហាញ ចំណាយពេលធ្វើរយៈពេលជិត ១ ខែទើបរួចរាល់ ឈុតនេះទម្ងន់ជិត ៣០ គីឡូក្រាម សរុបទាំងស្បៃទ្រនាប់ក្នុង ភ្លើង និងអាកុយ ជាដើម។ ឈុតនេះច្នៃឡើងដោយដកស្រង់តាមល្ខោនស្រមោលស្បែកធំ ដែលភាគច្រើនគេតែងសម្តែងជាមួយពន្លឺភ្លើង ទើបលោកច្នៃឈុតនេះឡើងបែបលក្ខណៈ gown និងមានដាក់បង្កប់ភ្លើងពីក្នុង ដើម្បីឱ្យអ្នកមើលឃើញកាន់តែប្លែកភ្នែក។ ឈុតនេះច្នៃឡើងតាមលំនាំផ្ការំដួល និងភ្ញី វល្លិ រីឯ សក់ គឺដកស្រង់ពីរូបអប្សរានៅប្រាសាទអង្គរវត្ត។




សិប្បកម្ម ស៊ីណា អង្គរ លក់ចម្លាក់ស្បែកគោខ្មែរ ខេត្តសៀមរាប ជាអ្នកសម្រិតសម្រាំងដាប់ស្បែកគោយ៉ាងយកចិត្តទុកដាក់ ឱ្យចេញជាឈុត gown ដ៏ស្រស់ស្អាតមិនធ្លាប់ឃើញពីមុនមកបែបនេះ។ អ្នកច្នៃម៉ូដរូបនេះបន្តថា ការដែលលោកដាក់ឈ្មោះឈុតនេះថា ឈុតទេពអប្សររំដួលបរមវិស្ណុលោក គឺដោយសារពីដើមមកប្រាសាទអង្គរវត្ត ត្រូវគេហៅថា បរមវិស្ណុលោក ទើបលោកសម្រេចដាក់ឈ្មោះឈុតបែបនេះតែម្តងទៅ៕
























Account
Security
Favourite Content