Ok Taec-yeon សមាជិកក្រុមចម្រៀងបុរសកូរ៉េ 2PM នឹងរៀបការជាមួយមិត្តស្រីដែលមិនមែនជាអ្នកសិល្បៈ ក្រោយទាក់ទងគ្នាអស់រយៈពេល ៦ ឆ្នាំ។


ភ្នាក់ងាររបស់លោក គឺក្រុមហ៊ុន 51K បានឱ្យដឹងកាលពីថ្ងៃសុក្រថា តារាសម្តែង និងតារាចម្រៀងវ័យ ៣៦ឆ្នាំរូបនេះ “បានសន្យាថានឹងចំណាយពេលពេញមួយជីវិតរបស់លោកជាមួយនារីម្នាក់ដែលលោកបានទាក់ទងជាយូរមកហើយ”។ ពិធីមង្គលការនេះនឹងប្រព្រឹត្តទៅបែបលក្ខណៈឯកជននៅរដូវផ្ការីកឆ្នាំក្រោយនៅទីក្រុងសេអ៊ូល (ចន្លោះខែមីនាដល់ខែឧសភា) ដោយមានតែសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះដែលចូលរួម។ ភ្នាក់ងារបានបន្ថែមថា “ដោយសារកូនក្រមុំមិនមែនជាបុគ្គលសាធារណៈ ដូច្នេះយើងសូមការយោគយល់ពីអ្នកគ្រប់គ្នា ដើម្បីរក្សាព័ត៌មានលម្អិតនៃពិធីនេះជាឯកជន”។
51K ក៏បាននិយាយផងដែរថា Taecyeon នឹងបន្តអាជីពសិល្បៈរបស់ខ្លួនដដែលបន្ទាប់ពីរៀបការដោយបញ្ជាក់ថា “ទោះបីបន្ទាប់ពីពិធីមង្គលការ Taecyeon នឹងនៅតែនៅជាមួយអ្នកគាំទ្រតាមរយៈគម្រោងល្អៗ និងសកម្មភាពផ្សេងៗ”។


ទន្ទឹមនឹងនោះ Taecyeon ក៏បានចែករំលែកព័ត៌មានដោយផ្ទាល់ជាមួយអ្នកគាំទ្រតាមរយៈលិខិតសរសេរដោយដៃដែលបានបង្ហោះនៅលើបណ្ដាញសង្គម។ ឆ្លុះបញ្ចាំងពីអាជីពរបស់ខ្លួន Taecyeon បានសរសេរថា “វាមានរយៈពេល ១៩ ឆ្នាំហើយចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំជាមួយ 2PM។ ចាប់តាំងពីពេលដែលខ្ញុំបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី ‘Superstar Survival’ នៅអាយុ ១៩ ឆ្នាំរហូតមកដល់ពេលនេះ ខ្ញុំអាចមកដល់ចំណុចនេះបាន ពីព្រោះអ្នកគ្រប់គ្នានៅជាមួយខ្ញុំជានិច្ច”។
លោកបានបន្ថែមថា “ខ្ញុំបានសន្យាថានឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំជាមួយមនុស្សម្នាក់ដែលយល់ចិត្ត និងទុកចិត្តខ្ញុំអស់រយៈពេលយូរ។ យើងចង់ក្លាយជាប្រភពកម្លាំងចិត្តសម្រាប់គ្នាទៅវិញទៅមក នៅពេលដើរឆ្លងកាត់ជីវិតជាមួយគ្នា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាដែលបានគាំទ្រខ្ញុំដោយក្តីស្រឡាញ់ដែលមិនរង្គោះរង្គើ។ ខ្ញុំនឹងបន្តខិតខំឱ្យអស់ពីសមត្ថភាពទាំងក្នុងនាមជាសមាជិក 2PM ក្នុងនាមជាតារាសម្តែង និងក្នុងនាមជា Taecyeon របស់អ្នក ដើម្បីតបស្នងក្តីស្រឡាញ់ និងការជឿទុកចិត្តដែលគ្រប់គ្នាបានផ្តល់ឱ្យខ្ញុំ”។

គួររំឭកថា Taecyeon បានបញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួនជាមួយនារីក្រៅសិល្បៈម្នាក់ក្នុងឆ្នាំ ២០២០។ ដើមឆ្នាំ ២០២៥ នេះ ព័ត៌មានអំពីពិធីមង្គលការពួកគេក៏បានផ្ទុះឡើង នៅពេលដែលរូបថត Taecyeon កំពុងផ្តល់ចិញ្ចៀនដល់មិត្តស្រីបានលេចធ្លាយលើអ៊ីនធឺណិត។
នៅពេលនោះ ភ្នាក់ងាររបស់លោកបាននិយាយថា រូបភាពទាំងនោះត្រូវបានថតជាបែបឯកជនដើម្បីអបអរថ្ងៃកំណើតរបស់នាង ដោយបកស្រាយថា “ពួកគេមិនទាន់មានផែនការរៀបការជាក់លាក់ណាមួយនៅឡើយទេ”។
ប្រាំបួនខែបន្ទាប់ពីបដិសេធពាក្យចចាមអារ៉ាមទាំងនោះ Taecyeon បានប្រកាសជាផ្លូវការអំពីពិធីមង្គលការរបស់ខ្លួន ហើយលោកនឹងក្លាយជាសមាជិក 2PM ទីពីរដែលបានរៀបការ បន្ទាប់ពី Hwang Chan-sung បានរៀបការនៅឆ្នាំ ២០២១ និងបានសម្រាលកូននៅឆ្នាំបន្ទាប់ ៕

























Account
Security
Favourite Content