យុវតីរូបស្រស់សោភា ង៉ា ស្រីណាន ហៅ ណានណាន ត្រូវគេស្គាល់ថាជាកូនស្រីទោលរបស់តារាកំប្លែង អ្នកនាង សេង ចិន្តា ហៅ ស្រីអ៊ីត។ បច្ចុប្បន្ន ណានណាន មានវ័យ១៨ឆ្នាំ តែយុវតីរូបនេះមានមហិច្ឆតាខ្ពស់ចង់ចាប់អាជីពសិល្បៈ ៣ ព្រមៗគ្នាក្នុងពេលតែមួយ នោះគឺ តារាចម្រៀង តារាកំប្លែង និងបវរកញ្ញា។

គេនៅចាំបានថា កាលអំឡុងឆ្នាំ ២០១៩ ស្រីណាន បានចូលរួមប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក X Factor Cambodia ទោះមិនដណ្តើមបានជយលាភីក៏ពិតមែន តែនាងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយសំឡេងដ៏ពីរោះរណ្តំរបស់នាង ហើយបច្ចុប្បន្ននាងក៏បន្តការច្រៀងរហូតមក។ ថ្មីៗនេះ យុវតីរូបស្រស់សោភានេះ ក៏បានលេចមុខក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Teen International 2023 ដោយនាងបានឆ្លងផុតវគ្គជម្រុះ២ លើក និងកំពុងឈានទៅវគ្គបន្ដទៀតផង។
ខណៈវិស័យចម្រៀង និងការប្រកួតប្រជែងបវរកញ្ញាកំពុងដំណើរការទៅយ៉ាងរលូន កូនក្រមុំរបស់ ស្រីអ៊ីត មិនឈប់ប៉ុណ្ណឹងឡើយ ដោយថ្មីៗនេះនាងបានលេចមុខជាតារាកំប្លែង ក្នុងកម្មវិធី «ចៅលោកតា» ដែលទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងនោះនាងសម្តែងជាតួអង្គម្តាយរបស់ តារាកំប្លែង វ៉ាន់ នីឡា។
ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងថ្ងៃសន្និសីទសារព័ត៌មាន កម្មវិធីកំប្លែង «ចៅលោកតា» ណានណាន ថា នាងមានសមត្ថភាពលើជំនាញសិល្បៈជាច្រើនដូចជា លេងកំប្លែង សម្ដែង ច្រៀង ដើរម៉ូដ និងរាំបានយ៉ាងល្អ ដោយសារនាងទទួលបានការបណ្ដុះបណ្ដាលពីម្ដាយ និងលោកយាយតាំងពីតូចមកម៉្លេះ។


កូនស្រីតែម្នាក់គត់របស់ តារាកំប្លែង ស្រីអ៊ីត សង្ឃឹមថានាងនឹងចាប់បានភាពជោគជ័យគ្រប់ជំនាញ និងខំសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញពាសពេញផ្ទៃប្រទេសដូចអ្នកម្តាយរបស់នាង។ ដ្បិតពេលនេះ ស្រីស្រស់ ណានណាន កំពុងសម្រុកការងារសិល្បៈខ្លាំងក៏ពិតមែន តែនាងមិនបោះបង់ចោលការសិក្សានោះឡើយ ដោយសព្វថ្ងៃនាងជាសិស្សថ្នាក់ទី១២ នៅសាលាឯកជនមួយកន្លែង ត្រៀមប្រលងបាក់ឌុបក្នុងឆ្នាំនេះ៕























Account
Security
Favourite Content