ឆ្នាំនេះជាឆ្នាំដែលក្រុមចម្រៀងនារីខេប៉ុប NewJeans កាន់តែមានភាពលេចធ្លោខ្លាំង ដោយសារពួកគេបានបំបែកកំណត់ត្រាដែលគ្មានក្រុមតារាចម្រៀងនារីណាធ្វើបានអស់រយៈពេល ១២ ឆ្នាំ ក្នុងកម្មវិធីទទួលពានរង្វាន់ធំ MAMA 2023 នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣។

សម្រាប់ឆ្នាំនេះ ស្ទើរមិនខុសពីរាល់ដង កម្មវិធី MAMA មានពានរង្វាន់ធំចំនួន ៤ គឺ Album Of The Year, Song Of The Year, Artist Of The Year និង Worldwide Icon Of The Year។ ក្រុមចម្រៀងនារី NewJeans ពិតជាមានភាពលេចធ្លោខ្លាំង ដោយបានឈ្នះពានរង្វាន់ធំៗ ដល់ទៅ ២ គឺ Song Of The Year និង Artist Of The Year រួមទាំងពានរង្វាន់ Best Female Group និង Best Dance Performance Female Group ផងដែរ។
ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យចម្រៀងនារី NewJeans បំបែកកំណត់ត្រាដ៏អស្ចារ្យនោះគឺ ការឈ្នះពានរង្វាន់ Artist Of The Year ដោយសារតែគ្មានក្រុមចម្រៀងនារីខេប៉ុបណាអាចដណ្ដើមពានមួយនេះអស់រយៈពេល ១២ ឆ្នាំមកហើយគឺចាប់តាំងពីឆ្នាំ ២០១១។ ពានរង្វាន់មួយនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៦ ប៉ុន្ដែរហូតដល់ឆ្នាំ ២០១០ ទើបមានក្រុមចម្រៀងនារីខេប៉ុបអាចដណ្ដើមបាននោះគឺ 2NE1 និងឆ្នាំ ២០១១ គឺក្រុមចម្រៀងនារី Girls Generation។

ក្នុងប្រវត្ដិសាស្ដ្ររបស់ពានរង្វាន់ MAMA មានតែក្រុមនារី ៣ ប៉ុណ្ណោះដែលអាចដណ្ដើមពានមួយនេះបាន ពោល 2NE1 ក្នុងឆ្នាំ ២០១០ Girls Generation ក្នុងឆ្នាំ ២០១១ និង NewJeans ក្នុងឆ្នាំ ២០២៣ នេះតែម្ដង។
គួរបញ្ជាក់ថា NewJeans ជាក្រុមចម្រៀងនារីខេប៉ុបដែលទើបបញ្ចេញមុខជាផ្លូវការត្រឹមរយៈពេលជាង ១ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែដោយសារបទចម្រៀងប្លែក និងមានគុណភាពគួបផ្សំទេពកោសល្យ រូបសម្រស់ផងនោះធ្វើឲ្យក្រុមចម្រៀងមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក និងបំបែកកំណត់ត្រាជាច្រើនបន្ដបន្ទាប់ផងដែរ៕

























Account
Security
Favourite Content