អតីតបេក្ខភាពជើងខ្លាំងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ណាន វីសារ បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា ឆ្នាំថ្មីនេះ លោកលុតដំខ្លួនឯងកាន់តែខ្លាំងឡើង ដោយទទួលធ្វើគ្រប់ការងារសិល្បៈទាំងអស់ដែលគេទាក់ទងមក មិនថាការងារនៅរាជធានីភ្នំពេញ និងការងារច្រៀង Concert តាមបណ្តាខេត្ត រួមទាំងកម្មវិធីដើរម៉ូដ ជាដើម។

លោកចាត់ទុកថា ឆ្នាំនេះជាឆ្នាំដែលលោកលុតដំខ្លួនឯងខ្លាំង ដោយលោកមិនខ្វល់ពីការសម្រាកនោះឡើយ ពោលគឺឱ្យតែមានការងារបុកចូលមក គឺលោកទទួលធ្វើទាំងអស់ដោយមិនខ្លាចភាពហត់នឿយ។ ណាន វីសារ ទទួលស្គាល់ថា ឆ្នាំនេះលោកពិតជារវល់ការងារសិល្បៈខ្លាំង ស្ទើររកពេលសម្រាកគ្មាន ប៉ុន្តែក៏មានការរិះគន់បានកើតឡើងជាអន្លើផងដែរ។
ស្របពេលការងារសិល្បៈពេញដៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍ វីសារ មិនភ្លេចឆ្លៀតពេលធ្វើបទចម្រៀងថ្មីទុកឱ្យហ្វេនស្តាប់កម្សាន្ត ដោយលោកបានប្រកាសឱ្យដឹងថា ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ លោកត្រៀមបញ្ចេញចម្រៀងថ្មីជាអាល់ប៊ុម ដោយមានចម្រៀងបន្តគ្នា ៤បទ ប៉ុន្តែមិនទម្លាយឱ្យដឹងចំណងជើងឡើយ។

អ្នកចម្រៀងជំនាន់ថ្មីនេះ សង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រស្នាដៃចម្រៀងថ្មីរបស់លោកដែលត្រៀមបញ្ចេញនាពេលឆាប់ៗនេះ និងអំពាវនាវឱ្យបងប្អូនជនរួមជាតិតែមួយ ជួយអភិរក្សស្នាដៃរបស់សិល្បករជំនាន់ដើម និងអភិវឌ្ឍន៍សិល្បៈសម័យថ្មី។ ឆ្លៀតឱកាសនេះ វីសារ សូមថ្លែងអំណរគុណដល់អ្នកគាំទ្រពិតរបស់លោកដែលតែងតែផ្តល់ក្តីស្រលាញ់ និងមើលឃើញពីសមត្ថភាពពិតប្រាកដរបស់លោក៕



























Account
Security
Favourite Content