តារាប្រុសចិនជើងចាស់ Zhang JinLai ឬ Liu Xiao Ling Tong ត្រូវបានមហាជនជាច្រើនស្គាល់លោកតាមរយៈរឿងភាគល្បី “ដំណើរឆ្ពោះទៅទិសខាងលិច” ឬរឿង ស៊ុន អ៊ូខុង ឆ្នាំ ១៩៨៦។ រឿងភាគនេះ បានធ្វើឲ្យ JinLai មានភាពលេចធ្លោ និងល្បីល្បាញខ្លាំង ព្រមទាំងបានឈ្នះពានរង្វាន់ Golden Eagle Award សម្រាប់តួសម្ដែងប្រុសឆ្នើមក្នុងឆ្នាំ ១៩៨៨។



បច្ចុប្បន្ន តារាប្រុសជើងចាស់រូបនេះមានវ័យ ៦៥ ឆ្នាំទៅហើយ តែដោយសារនៅស្រឡាញ់អាជីពជាអ្នកសិល្បៈ លោកនៅបន្ដបង្ហាញមុខក្នុងរឿង។ ថ្មីៗនេះលោកបានបញ្ចប់ការថតរឿងភាគរបស់ខ្លួនយ៉ាងជោគជ័យមានចំណងជើងថា “The Sky Calls to The Sky”។ រឿងនេះមានការចូលរួមសម្ដែងពីតារាមានជំនាញ និងប៉ិនប្រសប់ដូចជា Tan Zhuo និង Zhang Yishan។
បើទោះជាមានវ័យកាន់តែចាស់ហើយក្ដី ប៉ុន្ដែរូបលោកនៅតែបន្ដប្រឹងប្រែងថតទាំងស្នាមញញឹម និងមានកម្លាំងមាំមួន ព្រមទាំងថតរូបធ្វើកាយវិការដូចសត្វស្វា យ៉ាងសប្បាយផងដែរ តារាប្រុសចិនជើងចាស់ Zhang JinLai។ សម្រាប់រឿង “The Sky Calls to The Sky” ត្រូវបានចំណាយពេលដល់ ៩ ខែ ដើម្បីថត ជាហេតុធ្វើឲ្យក្រុមការងារទាំងមូលសុទ្ធតែខិតខំប្រឹងប្រែង។




តារាប្រុស Zhang JinLai ធ្លាប់បានសម្រាកពីការសម្ដែងមួយរយៈធំ ក្នុងឆ្នាំ ២០១៥ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍សោកសៅ ដោយសារលោកជាតារាសម្ដែងឆ្នើមម្នាក់ក្នុងពិភពសិល្បៈចិន។ រហូតដល់ចុងឆ្នាំ ២០១៩ លោកក៏បានប្រកាសវិលចូលសិល្បៈវិញ និងសម្ដែងក្នុងរឿង ស៊ុន អ៊ូខុង ម្ដងទៀត។
គួរបញ្ជាក់ថា ថ្វីបើមានតារាសម្ដែងជាច្រើនជំនាន់ ត្រូវបានជ្រើសរើសមកសម្ដែងជាតួអង្គស្ដេចស្វា ស៊ុន អ៊ូខុង តែតារាប្រុស Zhang JinLai ឬ Liu Xiao Ling Tong នៅតែត្រូវបានគេចាត់ទុកជាតារាប្រុសម្នាក់ដែលសម្ដែងតួអង្គមួយនេះបានសមឥតខ្ចោះជាងគេ និងពិបាករកអ្នកមកជំនួសបានរហូតមកដល់បច្ចុប្បន្ន៕



























Account
Security
Favourite Content