កាលពីល្ងាចថ្ងៃទី១២ ខែសីហានេះ Kseniya Alexandrova កញ្ញាឯកចក្កវាឡរុស្សីឆ្នាំ ២០១៧ បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ ស្របពេលកំពុងតែសម្រាកព្យាបាលនៅក្នុង វិទ្យាស្ថានស្រាវជ្រាវ Sklifosovsky ក្រោយជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍។

យោងតាមសារព័ត៌មាន HOLA ការស្លាប់របស់ Kseniya Alexandrova មានដើមចមពីខែកក្កដា នៅពេលដែលនាងកំពុងតែធ្វើដំណើរតាមរថយន្តក្នុងនាមជាអ្នកដំណើរ រថយន្តនោះក៏បានបើកបុកនឹងសត្វប្រើសស្នែងសំប៉ែត Moose ដែលកំពុងឆ្លងផ្លូវនៅឯតំបន់ Tver បណ្ដាលឱ្យបរវកញ្ញាវ័យ ៣០ឆ្នាំរូបនេះ រងរបួសផ្នែកខួរក្បាល យ៉ាងធ្ងន់ធ្ងរ។
ភ្លាមៗនោះ Kseniya Alexandrova ក៏បានបញ្ជូនទៅសម្រាកព្យាបាលនៅឯវិទ្យាស្ថានស្រាវជ្រាវ Sklifosovsky តែបែរជាជួបរឿងអកុសលនៅល្ងាចថ្ងៃទី១២ ខែសីហានេះ ដោយ Modus Vivendis ដែលជាទីភ្នាក់ងាររបស់នាងបានប្រកាសពីដំណឹងមរណភាព ព្រមទាំងលើកសរសើរបវរកញ្ញារូបនេះថា ជាបុគ្គលដែលមានទេពកោសល្យ និងភ្លឺត្រចះត្រចង់ ដែលជានិមិត្តរូបនៃភាពស្រស់ស្អាត សេចក្ដីសប្បុរស និងភាពរឹងមាំមកពីខាងក្នុង។

ទន្ទឹមគ្នានេះ គណនីផ្លូវការរបស់ Miss Universe ផ្ទាល់ ក៏បានចងក្រងសកម្មភាពលេចធ្លោរបស់Kseniya Alexandrova អំឡុងពេលប្រកួតលើកឆាកអន្តរជាតិ ឆ្នាំជាមួយគ្នានឹង ប៊ី សុធារី ដើម្បីចូលរួមជាការរំលែកទុក្ខនៅគ្រានេះ។
គួររំឭកផងដែរថា Kseniya Alexandrova បានចាប់ផ្ដើមអាជីពជាតារាម៉ូដែលតាំងតែវ័យ ១៩ឆ្នាំ និងបានបញ្ចប់ការសិក្សាជំនាញផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចរុស្ស៊ី Plekhanov ក្នុងឆ្នាំ ២០១៦ និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគរុកោសល្យ Moscow ជាមួយនឹងសញ្ញាបត្រផ្នែកចិត្តវិទ្យា នៅក្នុងឆ្នាំ ២០២១។
ស្របពេលដែលមានតំណែងជាបវរកញ្ញា និងជាអ្នកចិត្តសាស្ត្រផង Kseniya Alexandrova បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំនេះ ពោលគឺរយៈពេលប្រមាណ ៤ខែប៉ុណ្ណោះ មុននឹងមានដំណឹងមរណភាព៕


























Account
Security
Favourite Content