កម្ពុជាដែលទើបទទួល Miss Grand International 2024 បានប៉ុន្មានថ្ងៃមកនេះ ក៏ស្រាប់តែមានបញ្ហាខ្លាំងកាលពីយប់ម្សិលមិញថ្ងៃ ៦ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ម្ចាស់ស្ថាប័ន គឺលោក Nawat Itsaragrisil បានប្រកាសដកកម្ពុជាជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។

ស្ថាប័ន Miss Grand International បានឲ្យដឹងថាសកម្មភាពបន្តនាពេលខាងមុខនឹងត្រូវធ្វើនៅ ប្រទេសថៃ ដែលចាប់ផ្ដើមនៅថ្ងៃ ៧ ខែតុលា ឆ្នាំ ២០២៤ នេះតទៅ។ ក្នុងសេចក្ដីប្រកាសផ្លូវការរបស់ MGI បានរៀបរាប់ថា “យើងសោកស្ដាយក្នុងការជូនដំណឹងថា ប្រទេសកម្ពុជានឹងលែងធ្វើជាប្រទេសម្ចាស់ផ្ទះរបស់យើងទៀតហើយ ដោយសារតែស្ថាប័នម្ចាស់ផ្ទះមិនអាចបំពេញតម្រូវការដូចមានចែងក្នុងកិច្ចសន្យា នៃកិច្ចព្រមព្រៀងម្ចាស់ផ្ទះ។ ជាអកុសល ពួកគេមិនអាចផ្តល់សេវាកម្មដែលស្របតាមស្តង់ដាររបស់ស្ថាប័ន Miss Grand International (MGI) បានទេ។ យើងសូមកោតសរសើរចំពោះការយោគយល់របស់អ្នក ហើយទន្ទឹងរង់ចាំការគាំទ្របន្តរបស់អ្នក“។
មិនបង្អង់យូរក្រោយខាងលោក Nawat ចេញសេចក្ដីប្រកាសបែបនោះហើយ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានចេញមុខមក live បកស្រាយបញ្ហាមួយចំនួន ព្រមទាំងប្រកាសថា Miss Grand Cambodia លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ដោយសារស្ថាប័ន Miss Grand មិនគោរពកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងមិនសហការជាមួយភាគីកម្ពុជា។


បេក្ខភាព Miss Grand international បានមកដល់កម្ពុជា ៤ ថ្ងៃ និងបានធ្វើទស្សនកិច្ចនៅកម្ពុជាដូចជារមណីយដ្ឋានវត្តភ្នំ និងចូលរួមទស្សនាស្វែងយល់ពីប្រវត្តិខ្លះៗនៅវាលពិឃាដជើងឯក។ ចំណែកបញ្ហាធំគឺ រឿងការញ៉ាំអាហារពេលល្ងាចនៅលើទូក តែដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនអំណោយផល ធ្វើឲ្យមានរឿងវែងឆ្ងាយ រហូតដល់ផ្ដាច់កម្ពុជាជាម្ចាស់ផ្ទះ និងផ្ដាច់កុងត្រាជាមួយស្ថាប័នបវរកញ្ញាមួយនោះថែមទៀតផង។
អ្នកគាំទ្រកម្ពុជាពិតជាបារម្ភខ្លាំងថាបញ្ហានោះ ជះឥទ្ធិពលមិនល្អទៅដល់កញ្ញា ប៊ី សុធារី Miss Grand Cambodia 2024 ដែលកំពុងស្ថិតក្នុងសមរភូមិប្រកួត៕







Account
Security
Favourite Content