សារព័ត៌មានហុងកុង The Standard បានរាយការណ៍ថា តារាសម្ដែង Michelle Wai អាចរកចំណូលបានប្រមាណ ១០លានដុល្លារហុងកុង ឬប្រមាណ ១.៣លានដុល្លារអាមេរិក ក្លាយជាតារាស្រីកំពូលអ្នកផ្សាយពាណិជ្ជកម្មប្រចាំទីក្រុងហុងកុង។


រាប់ចាប់តាំងពីរៀបការជាមួយនឹងវេជ្ជបណ្ឌិតថែរក្សាសម្ផស្ស Chow Chee On កាលពីខែកុម្ភៈ កន្លងមក តារាស្រីវ័យ ៤០ឆ្នាំធ្លាប់បានចែករំលែកជាមួយនឹងអារម្មណ៍រីករាយថា នាងគឺជាមនុស្សដែលមានសំណាង អាចទទួលជោគជ័យទាំងរឿងស្នេហា និងអាជីពការងារ។
ជាក់ស្ដែង Michelle Wai ទើបតែទទួលបានពានរង្វាន់ ជាតារាសម្ដែងឆ្នើម ពីកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តហុងកុងតាមរយៈស្នាដៃសម្ដែងក្នុងរឿង The Last Dance ខណៈកេរ្តិ៍ឈ្មោះនេះ បានធ្វើឱ្យតារាស្រីរូបនេះទទួលបានកិច្ចព្រមព្រៀងផ្សព្វផ្សាយពាណិជ្ជកម្មជាង ៣០ផលិតផល រាប់ចាប់ពីយីហោថែរក្សាស្បែក រហូតដល់ម៉ាកយីហោប្រណិតៗ ជាដើមហេតុដែលធ្វើឱ្យនាង បានជាប់ឈ្មោះជា “KOLs កំពូលទាំង ១០ ដែលរកចំណូលបានច្រើនបំផុត” កាលពីពេលថ្មីៗនេះ។


យ៉ាងណាមិញ ក្រៅពីការងារសម្ដែង Michelle Wai ក៏បានធ្វើមាតិកាផ្ទាល់ខ្លួននៅលើ YouTube ដែរ ដោយនាងបានធ្វើវីដេអូណែនាំម្ហូបអាហារ Wai’s Food Guide ជាមួយនឹងអ្នកតាមដានជាង ២៥ម៉ឺននាក់។
បន្ថែមពីនេះ តារាស្រីក៏ល្បីឈ្មោះជាតារាដែលព្យាយាមអភិវឌ្ឍខ្លួនឥតឈប់ រហូតប្រមូលបានអាជ្ញាប័ណ្ណជាច្រើន រាប់ចាប់ពីអាជ្ញាប័ណ្ណជាអ្នកជំនាញចាប់ចំណាត់ថ្នាក់គ្រប់ពេជ្រ រហូតដល់អាជ្ញាប័ណ្ណជាអ្នកជំនាញផ្នែកឱសថបុរាណចិន ដោយកិច្ចខិតខំនេះ បានធ្វើឱ្យអ្នកគាំទ្រខ្លះបានដាក់រហស្សនាមឱ្យនាងថាជា “ម្ចាស់ក្សត្រីនៃអាជ្ញាប័ណ្ណ” ទៀតផង៕



























Account
Security
Favourite Content