បើទោះជាព្រឹត្តិការណ៍ New York Fashion Week 2025 បញ្ចប់ទៅហើយក៏ពិតមែន តែការបង្ហាញវត្តមានប្រេនកូនខ្មែរ ដែលអាចដើរលើ Runway ដ៏អស្ចារ្យមួយនោះ នៅមិនទាន់ចប់ឡើយ។ ជាក់ស្ដែងមិនមែនតែជាតិសាសន៍ខ្មែរគ្នាឯងឡើយដែលមោទនភាពពីសមិទ្ធផលដ៏ល្អ និងអាចឡើងខ្ពស់មកកាន់វេទិកាអន្តជាតិបែបនេះបាន បរទេសជាច្រើនក៏ស្ងើចសរសើរដែរ។

នៅពេលដើរបង្ហាញពីម៉ូដសម្លៀកបំពាក់របស់ ALmée Couture ភ្ញៀវដែលចូលទស្សនា មិនអាចដកកែវភ្នែកសម្លឹងចេញឈុតខ្មែរជាង ២០ ឈុតនោះបានឡើយ។ រហូតចប់ការដើរបង្ហាញម៉ូដ ALmée Couture ដែលប្រេនកូនខ្មែរដំបូងបានទៅបង្ហាញនៅ New York Fashion Week នោះ មាន Instagram នៃអ្នកជំនាញផ្នែក Fashion លើកសរសើរជាហូរហែ។
ក្នុងនោះមានលោក Freddy Velarder អ្នកបង្កើតមាតិកាលើឌីជីថល ហើយក៏ជាអ្នកស្រលាញ់ផ្នែក Fashion បានឃើញពីភាពប្រណីតនៃប្រេនកូនខ្មែរមួយនេះច្បាស់ពេញៗភ្នែក ហើយនិយាយថា លោកគ្មានពាក្យបរិយាយពីប្រេនខ្មែរមួយនោះឡើយ ហើយលោកក៏បានអធិប្បាយពីឈុតនីមួយៗរបស់ ALmée Couture ដែរ។ Freddy Velarder ចាប់អារម្មណ៍ខ្លាំងបំផុតលើឈុត Time Voyage ដើរបង្ហាញម៉ូដដោយ Mélia Constantin។

ងាកទៅមើល On The Runway ដែលមាន Follower លើ Instagram ជាង 293K និងជាអ្នកជំនាញនិយាយពី Fashion បានដាក់ចំណងជើងលើវីដេអូខ្លួនថា “ស្នាដៃសិល្បៈដ៏អស្ចារ្យបំផុត ដែលអ្នកមិនធ្លាប់បានឃើញ ”។

ចំណែក Instagram ដែលមានឈ្មោះI deserve Couture មានអ្នក Follow ដល់ទៅជាង ៥ សែននាក់ បានរៀបរាប់ពីភាពអស្ចារ្យនៃឈុតនីមួយៗរបស់ ALmée Couture ថា “ខ្ញុំកម្រឃើញម៉ូដសម្លៀកបំពាក់ដែលធ្វើឲ្យខ្ញុំស្ទើរតែភ្លេចដកដង្ហើម ប៉ុន្តែរ៉ូបទាំងនោះប្រាកដជាធ្វើបាន។ ស្នាដៃសិល្បៈទាំងនោះ គឺជាស្នាដៃរបស់ ALmée Couture ដែលជាម៉ាកយីហោរបស់កម្ពុជា ដែលបង្កើតរឿងរ៉ាវជាច្រើន មិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ។ សម្លៀកបំពាក់ទាំងនោះនិយាយអំពីសារៈសំខាន់នៃពេលវេលា និងជាសម្លៀកបំពាក់ដែលជាកិត្តិយសដល់ប្រទេសកម្ពុជា ហើយប្រាប់ពីរឿងរ៉ាវនៃភាពស្រស់ស្អាតរបស់ប្រទេស។ ប៉ុន្តែសូមចំណាយពេលមួយភ្លែត ហើយក្រឡេកមើលបំណែកតូចៗទាំងអស់ នោះអ្នកនឹងឃើញថាតើការខិតខំប្រឹងប្រែង និងការលះបង់ច្រើនប៉ុណ្ណា ក្នុងការបង្កើតម៉ូដសម្លៀកបំពាក់ ដែលលើសពីសម្លៀកបំពាក់។ Fashion មានន័យថាជាអ្វីមួយ ហើយនៅទីបញ្ចប់នៃថ្ងៃ, Fashion ដែលនឹងធ្វើឲ្យស្ទើរតែភ្លេចដកដង្ហើម”។

ភ្ញៀវដែលបានចូលរួមទស្សនាការបង្ហាញម៉ូដរបស់ ALmée Couture បានទះដៃសាទរគ្រប់ៗគ្នានៅពេលចប់ show ហើយភ្ញៀវភាគច្រើនសុទ្ធតែបានលើកទូរស័ព្ទមកថតម៉ូដដែលខ្លួនស្រលាញ់។ ALmée Couture មិនត្រឹមតែនាំយកសម្លៀកបំពាក់ខ្មែរប៉ុណ្ណោះទេ គ្រឿងអលង្ការជាច្រើនបែបបុរាណខ្មែរ ក៏ត្រូវទៅបង្ហាញលើឆាកអន្តជាតិដែរ៕















រូបភាព៖ ALmée Couture

























Account
Security
Favourite Content