បកត្រឡប់ទៅកាលពីឆ្នាំ ២០១៧ តារាចម្រៀង និងសម្ដែងចិនប្រុស Luhan បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយតារាស្រី Guan XiaoTong។ អ្នកទាំងពីរចាប់ផ្ដើមស្គាល់ និងមើលចិត្តថ្លើមគ្នាក្រោយសម្ដែងរឿង “Sweet Combat”។ បើទោះជាដើមឡើយទំនាក់ទំនងរបស់អ្នកទាំងពីរហាក់មិនសូវទទួលបានការគាំទ្រពីមហាជន ប៉ុន្ដែអ្នកទាំងពីរនៅតែបន្ដសេពគប់គ្នារហូតមកទល់បច្ចុប្បន្ន។


ជាមួយគ្នាដែរ អ្វីដែលអ្នកទាំងពីរតែងតែធ្វើមិនដែលខកខាននោះគឺការជូនពរខួបកំណើតគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ធ្លាប់ទៅដើរកម្សាន្ដរួមគ្នានៅប្រទេស ជប៉ុន និងបង្ហាញមុខនៅថ្ងៃសំខាន់សម្រាប់គ្នាទៅវិញទៅមកផងដែរ។ អ្នកទាំងពីរក៏ឧស្សាហ៍ចេញដើរជាមួយគ្នា គ្រាន់តែមិនបង្ហោះរូបភាពជាសាធារណៈប៉ុណ្ណោះ។





ថ្មីៗនេះ តារាប្រុស Luhan បានធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួននៅឯទីក្រុង GuangZhou ប្រទេសចិន។ តារាស្រី Guan XiaoTong ក៏បានទៅចូលរួមគាំទ្រដល់មិត្ដប្រុសរបស់ខ្លួនដែរ ប៉ុន្ដែរូបនាងបានតុបតែងខ្លួនយ៉ាងសាមញ្ញា និងពាក់ម៉ាសបិទជិតដើម្បីកុំឱ្យមហាជនចាប់អារម្មណ៍ច្រើនពេក។ បើតាមសម្ដីអ្នកគាំទ្រដែលបានជួបនាងនៅខាងក្រៅ នាងពិតជារួសរាយ និងគាំទ្រដល់មិត្ដប្រុសយ៉ាងខ្លាំង។




ដោយឃើញដូច្នេះ មហាជន និងអ្នកគាំទ្រជាច្រើន សង្ឃឹមថាអ្នកទាំងពីរនឹងប្រកាសពីដំណឹងល្អ និងសាងអនាគតរួមគ្នាឆាប់ៗ ព្រោះអ្នកទាំងពីរក៏សេពគប់គ្នាអស់ជាច្រើនឆ្នាំហើយដែរ៕



























Account
Security
Favourite Content