តារាស្រីជើងចាស់ហុងកុង Louise Lee ជាតារាស្រីម្នាក់មានទេពកោសល្យប៉ិនប្រសប់ក្នុងការសម្ដែង និងបានលេចមុខក្នុងរឿងភាគហុងកុងល្បីៗ ជាច្រើន ដូចជា “A Kindred Spirit”, “Heart Of Greed” និង “Romantic Repertoire”។ មែនទែនទៅ រឿងភាគដែលអ្នកស្រីបានបង្ហាញមុខចុងក្រោយនោះគឺ “Heart Of Greed” ក្នុងឆ្នាំ ២០១៧។



ថ្មីៗ នេះ ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធីមួយនៅ ហុងកុង តារាស្រីរូបនេះត្រូវបានគេចោទសួរថា៖ តើអ្នកស្រីមានបំណងវិលត្រឡប់ចូលវិស័យសិល្បៈវិញដែរ ឬទេ?
ជាការឆ្លើយតប៖ តារាស្រីវ័យ ៧៣ ឆ្នាំរូបនេះបានលើកឡើងថា ខ្លួនគ្មានបំណងវិលត្រឡប់ចូលសិល្បៈឡើយ។ បច្ចុប្បន្ន អ្នកស្រីមានវ័យចំណាស់ហើយគឺត្រូវផ្ដោតលើសុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់។ ណាមួយ អ្នកស្រីពេញចិត្ដជាមួយជីវិតសាមញ្ញក្រោយឈប់សម្ដែងរឿង ព្រមទាំងបានក៏ទម្លាយពីមូលហេតុមួយផ្សេងទៀតធ្វើឲ្យអ្នកស្រីរាងចាលលែងចង់សម្ដែង។



តារាស្រី Louise Lee បានលើកឡើងថា ខ្លួនមានបញ្ហាផ្នែកត្រចៀកខាងឆ្វេង និងមិនអាចស្ដាប់ច្បាស់ ដូច្នេះអ្នកស្រីមានការភ័យខ្លាចនៅកន្លែងដែលមានមនុស្សច្រើនពេក ឬកន្លែងដែលចាំបាច់ត្រូវយកចិត្ដទុកដាក់ស្ដាប់ខ្លាំង។ វាជាកត្ដាមួយពិបាកក្នុងការសម្ដែងផងដែរ។

ក្នុងឆ្នាំ ២០១៩ តារាស្រី Louise Lee ត្រូវបានរាយការណ៍ថា មានបញ្ហាត្រចៀក និងពិបាកក្នុងការស្ដាប់ខ្លាំង។ ស្ថានភាពរបស់អ្នកស្រីកាន់តែអាក្រក់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យអ្នកស្រីមានសមត្ថភាពក្នុងស្ដាប់តែ ២០ ភាគរយប៉ុណ្ណោះសម្រាប់ត្រចៀកខាងឆ្វេង។ បន្ថែមពីនេះ អ្នកស្រីក៏ឧស្សាហ៍មានការឈឺចាប់ផ្នែកក្បាល និងត្រូវផឹកថ្នាំជាប្រចាំដើម្បីបំបាត់ការឈឺចាប់។ បច្ចុប្បន្ន អ្នកស្រីប្រើប្រាស់ប្រដាប់ជំនួយត្រចៀក ដើម្បីសម្រួលដល់ការស្ដាប់ឲ្យបានល្អប្រសើរ៕























Account
Security
Favourite Content