លឹម តិចម៉េង ជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ តែលោកជាមនុស្សសាមញ្ញម្នាក់ទាំងរបៀបរបបរស់នៅ និងការនិយាយស្ដីមិនបានផ្លាស់ប្ដូរឡើយ មិនថាជាមួយអ្នកគាំទ្រ និងមិត្តរួមអាជីពឡើយ ពោលគឺពីមុនយ៉ាងម៉េច ឥឡូវក៏នៅតែបែបនោះដដែល។


ថ្មីៗនេះទៀត តារាចម្រៀងសំឡេងស្រទន់រូបនេះ បានជួបរឿងដ៏សែនហួសចិត្តមួយ ដែលត្រូវមនុស្សមួយក្រុមតូចសើចចំអក ពេលធ្វើដំណើរតាមផ្លូវ ព្រោះលោកជិះកង់បី ដោយគិតថាជាតារាល្បីជិះកង់បីបែបនោះ មិនសមនឹងឋានៈ។ តាមសំណេររបស់តារាចម្រៀងមានប្រភពពីកំពង់ចាមរ៉ាយរ៉ាប់ថា “មានបងប្អូនយើងច្រើនឃើញខ្ញុំជិះកង់បីទៅផ្ទះ ស្រាប់តែពួកគាត់សើចបែរមុខចេញ ហើយទើបសួរខ្ញុំថា ហេតុអ្វីមិនជិះឡាន ខ្ញុំឆ្លើយថាឡានខ្ញុំនៅដាក់ធ្វើមិនទាន់ហើយ ពួកគាត់សួរបន្តទៀតថា ហេតុអ្វីមិនខ្ចីឡាន ភិទិ ឬ បងប្អូនTop4 យកមកជិះសិន ព្រោះយើងតារាល្បី ខ្ញុំឆ្លើយថា នោះមិនមែនជារឿងចាំបាច់សម្រាប់ខ្ញុំទេ។ សំនួរទាំងនេះសួរនៅលើផ្លូវ ៣៧១ ពូម្ចាស់កង់បីបើកភ្នែកធំៗមើលមុខខ្ញុំ អានិតខ្ញុំ ហើយខ្ញុំប្រាប់គាត់វិញថា អ្នកដែលគួរអោយអានិតគឺពួកគាត់ទៅវិញទេ មិនមែនខ្ញុំទេ ព្រោះតម្លៃពិតប្រាកដដែលខ្ញុំមាន គឺមិនមែនស្ថិតលើរបស់ថ្លៃៗណាមួយដែលខ្ញុំមាននោះទេ ខ្ញុំបានស្កប់ស្កល់ចំពោះខ្លួនឯងរួចទៅហើយ អ្វីដែលមានតម្លៃសម្រាប់ខ្ញុំគឺគុណធម៌“។
តិចម៉េង ក៏បានបន្ថែមទៀតថា “រឿងរ៉ាវជាច្រើនដែលខ្ញុំបានជួបផ្ទាល់បានបញ្ជាក់ប្រាប់ខ្ញុំថា សីលធម៌ គុណធម៌ ការយល់ដឹងរបស់បងប្អូនខ្មែរយើងមួយចំនួននៅមានភាពទន់ខ្សោយ គួរអោយសង្វេគ ត្រូវចេះស្កប់ស្កល់ យល់ពីតម្លៃពិតនៃពាក្យថាមនុស្ស ទើបអាចធ្វើជាមនុស្សបាន”។



ក្រោយដឹងឮសំណួរមិនទំនងទាំងនោះ ហើយម្ចាស់បទ “ពេលណាអូនបែកជាមួយអ្នកថ្មី” តបដោយត្រជាក់ និងមានន័យរបៀបមនុស្សមានចំណេះដឹង ហ្វេនៗអ្នកគាំទ្រពិតជាពេញចិត្ត ហើយក៏រឹតតែស្រលាញ់ តិចម៉េង ខ្លាំងថែមទៀត។
លឹម តិចម៉េង គឺជាតារាដែលមិននិយម ឬសំញែងសម្ភារៈទំនើបអ្វីឡើយដោយកាលទើបជាប់ ដំបូងៗ លោកក៏នៅតែជិះម៉ូតូចាស់ ហើយបើមានកម្មវិធីឆ្ងាយ គឺ ភិទិ ដែលជាបងប្អូនល្អ ទៅយកតែម្ដង។ លោកធ្លាប់បានផ្ដល់បទសម្ភាសន៍ថា ទោះជាជាប់ជាម្ចាស់ពាន និងជាតារាចម្រៀងក៏ពិតមែន តែទម្លាប់ចាស់គឺនៅដដែល គ្មានប្រែកន្លែងណាឡើយ។


បើយើងសង្កេតវីដេអូកន្លងមកដែលតារាប្រុសរូបនេះបង្ហោះ ឃើញថាទាំងអត្តចរិត និងការនិយាយស្ដីគ្មានការរៀបចំបែបផ្សេងនៅពីមុខកាមេរ៉ា ហើយក្រោយកាមេរ៉ាផ្សេងនោះទេ។ ចរិតពិតបែបនេះហើយទើបមហាជនស្រលាញ់គាំទ្រ តិចម៉េង ខ្លាំង៕























Account
Security
Favourite Content