កំពូលអ្នកប្រណាំងឡាន និង Drift ឡានស្រីដ៏ល្បីល្បាញពីប្រទេសម៉ាឡេស៊ី គឺអ្នកនាង Leona Chin នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែសីហានេះដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000។

ជាមួយរូបសម្បត្តិដ៏ស្រស់សោភា អ្នកនាង Leona Chin ត្រូវបានគេស្គាល់ច្បាស់ក្នុងនាមជាអ្នកប្រណាំងឡាន, Drift ឡាន ក៏ដូចជាអ្នកបើកបរឈុតគ្រោះថ្នាក់ក្នុងខ្សែភាពយន្តហូលីវូដដែលពោរពេញដោយបទពិសោធន៍ជោកជាំ ដោយអ្នកនាងធ្លាប់ចូលរួមការប្រកួតធំៗជាងមួយរយដងជុំវិញពិភពលោក ចាប់តាំងពីចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ២០០៦ និងបានឈ្នះពានរង្វាន់ជាច្រើន ថែមទាំងបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនរថយន្តអន្តរជាតិជាច្រើនផងដែរ។



សម្រាប់ព្រឹត្តិការណ៍ GUMBALL 3000 Rally ដែលរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ អ្នកនាង Leona Chin បានស្ម័គ្រចិត្តចូលរួមដោយមិនយកប្រាក់កម្រៃ ទាំងក្នុងកម្មវិធីនៅថ្ងៃទី១ ខែកញ្ញា ដែលរៀបចំនៅខេត្តសៀមរាប និងកម្មវិធីថ្ងៃទី១៥ ខែកញ្ញានៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally ដែលរៀបចំនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ នឹងមានរថយន្តទំនើបៗដូចជា Supercar Hypercar ក៏ដូចជា Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ក្រៅពី Leona Chin កំពូលតារាយូធូប IShowSpeed និងសេដ្ឋី Skateboard មានបំផុតលើពិភពលោក Tony Hawk ក៏ត្រូវបានបង្ហើបថានឹងចូលរួមព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាដូចគ្នា។

ព្រឹត្តិការណ៍ដ៏ធំ និងមានភាពល្បីល្បាញ ប្រជុំដោយបុគ្គលមានឥទ្ធិពលជាច្រើន មានអ្នកតាមដានរាប់លាននាក់ លើប្រព័ន្ធផ្សព្វផ្សាយនេះ នឹងមកបង្កើតទំព័រប្រវត្តិសាស្ត្រជាច្រើនក្នុងប្រទេសកម្ពុជា ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្សព្វផ្សាយ ពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ជាក់ស្ដែងបើយោងតាមប្រសាសន៍ របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុងគ្រុប បានឱ្យដឹងនៅក្នុងកិច្ចប្រជុំខាងលើថា ក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally នេះ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុនជីបម៉ុង បានជ្រើសរើសយកទីតាំងសំខាន់ៗ តំណាងឱ្យអត្តសញ្ញាណប្រទេសកម្ពុជា ដើម្បីបង្កើតបានជារូបភាពជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ឱ្យពិភពលោកបានឃើញ តាមរយៈរូបភាពដែលនឹងផ្សព្វផ្សាយ ដោយបុគ្គលមានឥទ្ធិពល បុគ្គលល្បីៗ មកពីជុំវិញពិភពលោកតាមរយៈក្បួនរថយន្ត GUMBALL 3000 នេះ។
បើយោងប្រសាសន៍របស់ឯកឧត្ដម គុជ បញ្ញាសា ក៏ដូចជាប្រសាសន៍របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្បួនរថយន្តរបស់សមាជិក GUMBALL 3000 ប្រមាណ ១៣០ ទៅ ១៥០គ្រឿង រួមជាមួយរថយន្តទំនើបៗរបស់អ្នកចូលក្នុងប្រទេសកម្ពុជា ប្រមាណជាង ៣០០គ្រឿងទៀត នឹងធ្វើការចត នៅបរិវេណវិមានឯករាជ្យ រហូតដល់ជិតរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រយៈពេលជាង ១ម៉ោង ចាប់ពីម៉ោង ២រសៀល ដើម្បីឱ្យមហាជនបានទស្សនា ក៏ដូចជាផ្ដិតយករូបភាពដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។
អ្វីដែលកាន់តែអស្ចារ្យលើសនេះ ទៀតនោះ ក្បួនរថយន្ត GUMBALL 3000 នឹងធ្វើការចត នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីបំបែកឯកគ្គទកម្មពិភពលោក ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលរថយន្តទំនើបៗរាប់រយគ្រឿង បានចតនៅមុខប្រាសាទអង្គរ។ តាមរយៈរូបភាពដ៏អស្ចារ្យនេះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ហើយនេះជាផលចំណេញដ៏ធំសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ៕
























































Account
Security
Favourite Content