តារាសម្ដែងប្រុស Lee YiKyung កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញមុខក្នុងរឿងភាគល្បី “Marry My Husband” កាលពីពេលថ្មីៗ នេះ។ លោកសម្ដែងជាតួអង្គ Park Min Hwan ជាប្ដីដ៏ចិត្ដអាក្រក់ និងកំណាចឃោរឃៅម្នាក់។ ការសម្ដែងដ៏ប៉ិនប្រសប់របស់លោកត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ព្រោះមើលទៅដូចពិតៗ ហើយពិបាកធ្វើចិត្ដមិនស្អប់មិនបាន។


មែនទែនទៅ ការសម្ដែងសមឥតខ្ចោះរបស់តារា Lee YiKyung ក៏ធ្វើឲ្យលោកទទួលបានពាក្យជេរប្រទេច នៅក្នុងជីវិតពិតផងដែរ។ តារាប្រុសរូបនេះបានចូលរួមក្នុងកម្មវិធីរបស់ “My Little Boy” របស់ SBS និងបានលើកឡើងពីអារម្មណ៍របស់ខ្លួនក្រោយសម្ដែងរឿង “Marry My Husband”។
លោកបានលើកឡើងថា៖ ការសម្ដែងរបស់លោកពិតជាទទួលបានការចាប់អារម្មណ៍ច្រើន ដោយសារលោកត្រូវបានគេជេរក្នុងជីវិតពិត។ លោកបានជួបអ្នកជិតខាងរបស់លោក ពួកគេក៏ជេរលោក អាចង្រៃ អាចោលម្សៀត ភ្លាមៗ។ លោកបានទៅថតការងារមួយចំនួននៅឯផ្សារ ទឹកមុខរបស់មហាជន នៅពេលដែលឃើញលោកគឺបង្ហាញថា ពួកគេពិតជាស្អប់លោកខ្លាំង។ ទឹកមុខរបស់គេគឺប្រែប្រួលភ្លាមៗ ពេលដែលឃើញមុខរបស់លោក។ បើទោះជាត្រូវគេជេរប្រទេចក្នុងជីវិតពិត តែលោកហាក់មានអារម្មណ៍រីករាយ ដោយសារការសម្ដែងរបស់លោកកាន់តែមានភាពល្អប្រសើរ និងដូចពិតៗ។


យ៉ាងណាក្ដី ថ្វីបើតារាប្រុស Lee YiKyung ត្រូវមហាជនមួយចំនួនស្អប់ដោយសារការសម្ដែងជាតួអង្គចិត្ដអាក្រក់ ក្រឡេកមកមើលជីវិតពិតលោកជាបុគ្គលចិត្ដល្អម្នាក់។ លោកធ្លាប់បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជា Jo Kwon សមាជិកក្រុមចម្រៀង 2AM, អ្នកដំណើរតាមផ្លូវដែលចង់សម្លាប់ខ្លួន និងមិត្ដភក្ដិជិតស្និទ្ធរបស់លោក។ ក្រៅពីនេះ លោកក៏ធ្លាប់ជួយជាប្រាក់ដល់មិត្ដរបស់លោកថែមទៀតក្នុងការធ្វើជំនួញរហូតជិត ៨ ម៉ឺនដុល្លារអាមេរិក៕


























Account
Security
Favourite Content