កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុសកូរ៉េដ៏ល្បី Lee Seung Gi បានប្រកាសប្រាប់មហាជន និងបណ្ដាអ្នកគាំទ្រថាលោកនឹងត្រៀមដឹកដៃមិត្តស្រី Lee DaIn ចូលរោងមង្គលនៅខែ មេសា ឆ្នាំ ២០២៣ ខាងមុខ ខណៈអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទដល់តារាប្រុសរូបនេះរកឃើញមនុស្សដែលខ្លួនស្រឡាញ់ចង់រស់នៅជាមួយពេញមួយជីវិត។

មែនទែនទៅ ក្រោយពីប្រកាសដំណឹងរៀបការជាសាធារណៈភ្លាម មិនបង្អង់យូរតារាប្រុស Lee Seung Gi ក៏ចាប់ផ្ដើមចុចតាមដានអនាគតភរិយារបស់ខ្លួននៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមជាផ្លូវការផងដែរដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរឱ្យកាន់តែច្បាស់លាស់ជាងមុន។
ក្រៅពីនេះអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែស្ងប់ស្ញែងដល់គូស្នេហ៍មួយគូនេះគឺម្ដាយរបស់តារាប្រុស Lee Seung Gi ហាក់មានការពេញចិត្តយ៉ាងខ្លាំងជាមួយអនាគតប្រសារបស់ខ្លួន។ យោងតាមប្រភពព័ត៌មានកូរ៉េ News1 បានទម្លាយពីបទសម្ភាសន៍ដែលម្ដាយរបស់ Lee Seung Gi បាននិយាយទាក់ទិននឹងតារាស្រី Lee DaIn។

អ្នកស្រីបានលើកឡើងថា៖ DaIn ជាក្មេងម្នាក់ដែលឆ្លាត ចេះគោរពដល់ចាស់ទុំ និងដឹងខុសត្រូវ។ អត្ដចរិតរបស់នាងធ្វើឱ្យលោកស្រីមិនស្រឡាញ់ចូលចិត្តមិនបាន ហើយបើទោះជានាងមានបញ្ហាអ្វីក៏នាងមិនដែលបញ្ចេញកំហឹងផ្ដេសផ្ដាសឡើយ។

អ្នកស្រីបន្ដថា៖ ខ្លួនពិតជារីករាយ និងរំភើបដែលតែងតែឃើញ DaIn នៅក្បែរគាំទ្រកូនប្រុស។ នាងតែងតែនៅក្បែរពេលដែល Seung Gi ត្រូវការ នាងពិតជាអនាគតកូនប្រសារល្អម្នាក់។ អត្ដចរិតល្អបែបនេះហើយ អ្នកស្រីមិនសុំអ្វីច្រើនលើសពីហ្នឹងទៀតឡើយ។
គួរបញ្ជាក់ថា តារាប្រុស Lee Seung Gi និងតារាស្រី Lee DaIn បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួននៅពាក់កណ្ដាលឆ្នាំ ២០២១ និងប្រកាសរៀបការនៅដើមឆ្នាំ ២០២៣៕

























Account
Security
Favourite Content