តារាសម្ដែង Lee Si Young នាំកូនប្រុសអាយុ ៦ ឆ្នាំឡើងភ្នំទឹកកក Mardi Himal កម្ពស់ ៤០០០ ម៉ែត្រ ព្រមចែករំលែកទិដ្ឋភាពនៃដំណើរកម្សាន្តមួយនេះនៅលើគណនី Instagram កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនេះ។

មានទាំងវីដេអូ និងរូបថត តារាស្រីសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានបង្ហោះពីសកម្មភាពរបស់ខ្លួនដែលបានដាក់កូននៅលើខ្នង និងដើរឡើងលើភ្នំមួយក្នុងចំណោមជួរភ្នំខ្ពស់បំផុតនៅក្នុងពិភពលោកតាំងតែទៀបភ្លឺរហូតដល់ទីតាំងកំណត់ ដោយមានប្រឡែងគ្នានៅក្នុងវាលទឹកក។
ត្បិតមិនដូចអ្វីដែលបានគ្រោងទុក តែអ្នកស្រី និងគ្នីគ្នានៅតែមកដល់ទីតាំងមើលទេសភាពតាមគោលដៅ Lee Si Young បានសរសេររៀបរាប់ថា៖ “ពួកយើងមិនអាចមកដល់នៅពេលព្រះអាទិត្យរះតាមគម្រោងនោះទេ។ យើងត្រៀមខ្លួនតាំងតែពីម៉ោង ៣ព្រឹក ហើយព្យាយាមទៅដល់ពីព្រលឹម តែនៅតែមិនអាចឡើងបានលឿនគ្រប់គ្រាន់”។

នៅពេលនិយាយពីអាកាសធាតុដែលមិនអំណោយផល តារាស្រីវ័យ ៤២ ឆ្នាំរូបនេះប្រាប់ថា៖ “អាកាសធាតុមិនល្អពេញមួយដំណើរឡើងភ្នំរបស់ពួកយើង ដោយមានភ្លៀង និងព្រិលធ្លាក់រហូត តែនៅថ្ងៃចុងក្រោយ ខ្ញុំមានអារម្មណ៍ថាពួកយើងបានទទួលពរជ័យដោយសារតែមានការស្វាគមន៍ពីមេឃដែលខៀវស្រឡះ”។
ដោយឡែក ២ថ្ងៃបន្ទាប់ អ្នកម្ដាយរូបនេះបានផ្ដល់ដំណឹងបន្ថែមពីសុវត្ថិភាពរបស់ខ្លួន ដោយអ្នកស្រីប្រាប់ថា ខ្លួន និងកូនប្រុសកំពុងស្នាក់នៅឯសណ្ឋាគារមួយនាទីក្រុង Pokhara ប្រទេសនេប៉ាល់ ដើម្បីត្រៀមខ្លួនហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ។ បន្ថែមពីនេះ Lee Si-young ក៏បាននិយាយសរសើរពីកូនប្រុសរបស់ខ្លួន ដែលអាចសម្របខ្លួននឹងភាពលំបាកបានយ៉ាងល្អ ទោះត្រូវរស់នៅទីតាំងដែលគ្មានទឹក និងអគ្គិសនីក៏ដោយចុះ។
គួររំឭកផងដែរថា Lee Si Young បានរៀបការជាមួយអ្នកជំនួញម្នាក់នៅឆ្នាំ ២០១៧ និងផ្ដល់កំណើតកូនប្រុសនៅឆ្នាំបន្ទាប់។ នេះមិនមែនលើកទីមួយទេ ព្រោះកាលពីឆ្នាំ ២០២៣ នាងបានធ្វើបែបនេះដូចគ្នា ដោយអ្នកម្ដាយ និងកូនប្រុសទាំង ២ បានឡើងភ្នំ Halla នៅក្នុងប្រទេសកូរ៉េខាងត្បូង៕







Account
Security
Favourite Content