ការប្រកួតឈុតតំណាងជាតិ នៃកម្មវិធី Miss Global 2023 បានបញ្ចប់ទៅដោយជោគជ័យ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ក្នុងនោះ បវរកញាតំណាងកម្ពុជា លក្ខណ៏ មុនីអានីតា ក៏បានដើរបង្ហាញម៉ូដឈុតតំណាងជាតិឈ្មោះថា «ប្រទីប ព្រះស្រីនៃក្រុងធិបតី» ដោយភាពជឿជាក់បំផុតនៅចំពោះមុខគណៈកម្មការជាតិ-អន្តរជាតិជាច្រើនរូប រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។



ដ្បិតតែឈុតតំណាងជាតិ «ប្រទីប ព្រះស្រីនៃក្រុងធិបតី» មើលទៅរៀងធំបន្តិច តែវាមិនមែនជាបញ្ហាសម្រាប់ អានីតា ឡើយ ដោយនាងនៅតែបញ្ចេញភាពស្វាហាប់ ថាមពលមុតមាំពីខាងក្នុងឱ្យគ្រប់គ្នាបានឃើញ ទោះបីនាងមានបញ្ហាសុខភាពបន្តិចបន្តួចក្តី។ បេក្ខភាពតំណាងជាតិរូបនេះពិតជាលេចធ្លោខ្លាំងណាស់ ពេលនាងគ្រងឈុតតំណាងជាតិដ៏ប្រណីតនេះ។
អ្នកច្នៃឈុត «ប្រទីប ព្រះស្រីនៃក្រុងធិបតី» បានឱ្យដឹងថា ប្រទីប គឺជាកម្មវិធីមួយដែលប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យរៀងរាល់ឆ្នាំ នៅអំឡុងខែវិច្ឆិកា។ ឈុតនេះប្រើរយៈពេលធ្វើឡើងត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ ហើយចង់បង្ហាញពីគំនិតច្នៃប្រឌិតថ្មីរបស់កូនខ្មែរទៅកាន់តែពិភពលោក តាមរយៈការច្បិចយកសិល្បៈវប្បធម៌ខ្មែរមកបញ្ចូលក្នុងវិស័យបវរកញ្ញានាពេលបច្ចុប្បន្ន។


ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរីករាយ Miss Global Cambodia 2023 លក្ខណ៏ មុនីអានីតា មានមោទនភាពដែលបានដើរបង្ហាញឈុតតំណាងជាតិ «ប្រទីប ព្រះស្រីនៃក្រុងធិបតី» លើឆាកប្រកួត Miss Global 2023 នៅទឹកដីប្រទេសកម្ពុជាដោយផ្ទាល់បែបនេះ។ នាងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយកជយលាភីជូនប្រទេសកម្ពុជា។
អានីតា រៀបរាប់ថា រយៈជាង ១០ ថ្ងៃមកនេះ នាងសម្រាកបានតិច ដោយសារតែកាលវិភាគការប្រកួតជាប់គ្នារដឹក ដូច្នេះក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជា នាងមិនអាចខ្ជិលច្រអូស មិនអាចឈប់ ពោលគឺមានតែប្រឹងប្រែងងើបឡើងបំពេញបេសកកម្មដ៏សំខាន់របស់ខ្លួនឱ្យបានល្អជាទីបំផុត មិនឱ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិនោះឡើយ។



ទោះបីលទ្ធផលថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រទៅជាយ៉ាងណា អាចជាប់ ឬមិនជាប់ដូចការរំពឹងទុកក្តី ក៏ មុនីអានីតា ព្រមទទួលយកដោយក្តីរីករាយ ព្រោះនាងខំប្រឹងអស់ពីសមត្ថភាពហើយអំឡុងពេលប្រកួតប្រជែងនេះ ហើយនាងមិនអាក់អន់ស្រពន់ចិត្តអ្វីទេ ព្រោះការប្រកួតអន្តរជាតិនេះផ្តល់បទពិសោធន៍យ៉ាងក្រាស់ក្រែលសម្រាប់បវរកញ្ញាវ័យក្មេងដូចជារូបនេះ។
គួររំឮកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Global 2023 នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ស្អែកនេះ។ លោក អ៊ិន សុភិន អ្នកទទួលបន្ទុករៀបចំធ្វើម្ចាស់ផ្ទះការប្រកួត Miss Global 2023 បានបង្ហើបឱ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររឹតតែពិសេសជាងឆ្នាំមុនៗទៅទៀត ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕


























Account
Security
Favourite Content