ថ្មីៗនេះឆាណែលយូធូបផ្លូវការរបស់ក្រុមហ៊ុន HYBE បានបញ្ចាំងវីដេអូឯកសាររបស់ក្រុមនារី LE SSERAFIM មានចំណងជើងថា ‘Make It Look Easy’ Episode 3 ដោយក្នុងនោះមានរួមបញ្ចូលជាមួយនឹងដំណើរការនៃការផ្សព្វផ្សាយអាល់ប៊ុម UNFORGIVEN ផងដែរ។

ទន្ទឹមនឹងនោះ នៅក្នុងវីដេអូក៏មានបង្ហាញអំពីចំណាប់អារម្មណ៍របស់សមាជិកម្នាក់ៗចំពោះការផ្សព្វផ្សាយអាល់ប៊ុមទាំងភាពរីករាយ និងភាពលំបាកដែលពួកគេបានជួបប្រទះ។ ជាមួយគ្នានោះ Sakura សមាជិកកូនបងក្រុមចម្រៀងនារីនេះបានបង្ហាញទាំងទឹកភ្នែកពីអារម្មណ៍ដែលមានសម្ពាធ តែនាងមិនហ៊ាននិយាយចេញមកចំពោះអ្នកណាម្នាក់ឡើយ។

លើសពីនេះ តារាចម្រៀងស្រីវ័យ ២៦ ឆ្នាំរូបនេះបានបន្ដឱ្យដឹងថាជាការពិតនាងពិតជាមិនដឹងនោះទេថាហេតុអ្វីបានជានាងចាំបាច់ជ្រើសរើសធ្វើជាអាយដល។ ប៉ុន្តែនោះមិនមែនជាជម្រើសខុសឡើយ គ្រាន់តែនាងឆ្ងល់ថាតើក្លាយខ្លួនអាយដលគឺពិតជាជម្រើសល្អបំផុត ឬមួយយ៉ាងណា។ នៅពេលនាងធ្វើខុស ឬមានអារម្មណ៍សមត្ថភាពខ្លួននៅមានកម្រិត នាងតែងគិតថាមានអ្នកដទៃដែលពូកែអាចជំនួសកន្លែងនាងបាន។
Sakura ក៏បានចែករំលែកបន្ថែមមិនថាអ្នកណានិយាយអ្វីឡើយ អ្វីដែលធ្វើឱ្យនាងរំភើប និងសប្បាយបំផុតគឺការងារមួយនេះ។ ក្រោយមកនាងបានដឹងថាការដែលមានគំនិតចង់បោះបង់ក្ដីស្រមៃមួយនេះគឺមិនមែនមកនាងគ្មានទេពកោសល្យនោះទេ ប៉ុន្តែមកនាងបានឮនូវការបញ្ចេញមតិជាច្រើនខុសៗគ្នាទើបនាំឱ្យនាងគិតបែបនោះ។ ដូច្នេះនាងចាប់ផ្ដើមគិតឡើងវិញថាហេតុអ្វីបានជាត្រូវបង្ខំឱ្យខ្លួនឯងរហូតផ្លូវលំបាក និងស្រក់ទឹកភ្នែកបែបនេះ? ហើយក៏មិនដឹងថាហេតុអ្វីបានជានាងចង់ធ្វើបែបនេះ?


យ៉ាងណាក៏ដោយ ក្រោយសម្រួលអារម្មណ៍ហើយ Sakura បានត្រឡប់ទីបន្ទប់ហាត់វិញដោយបញ្ជាក់ថានាងពិតជាចង់ក្ដីសុបិនធំមួយដែលមិនមានអ្នកណាគិតថាអាចទៅរួច។ បើទោះបីជាមិនបានសម្រេចក្ដីសុបិនក៏ដោយ ហោចណាស់ក៏នាងមានក្ដីសុបិន ហើយខិតខំប្រឹងប្រែងធ្វើវាដោយរួមមកជាមួយនឹងពេលវេលាល្អៗជាច្រើន។
គួររំឭកផងដែរថា Sakura បានចាប់ផ្ដើមប្រឡូកក្នុងអាជីពជាអ្នកចម្រៀងដំបូងក្នុងក្រុមចម្រៀងនារីជប៉ុន HKT48 ក្នុងឆ្នាំ ២០១១។ លុះដល់ឆ្នាំ ២០១៨ នាងបានឈប់ពីក្រុម HKT48 បន្ទាប់ពីនាងទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធីប្រកួតប្រជែងរបស់កូរ៉េខាងត្បូង និងបានក្លាយជាសមាជិកក្រុមនារី IZ*ONE។ រហូតដល់ឆ្នាំ ២០២១ ក្រុម IZ*ONE ត្រូវបានរំសាយ ទើប Sakura បង្ហាញមុខក្រុមនារី LE SSERAFIM នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២៕




























Account
Security
Favourite Content