ថ្មីៗ នេះ តារាប្រុស Jin ChaoQun ដែលសម្ដែងជាតួអង្គ លោកម្ចាស់ ប៉ាវ ចិន ក្នុងរឿង Justice Bao ក្នុងឆ្នាំ ១៩៩៣ បានបង្ហាញមុខម្ដងទៀតជាសាធារណៈ។ នេះជាឱកាសកម្រផងដែរ សម្រាប់ការបង្ហាញវត្ដមានរបស់តារាសម្ដែងប្រុសជើងចាស់រូបនេះ ខណៈលោកបានបាត់មុខ និងស្ទើរលែងបង្ហាញខ្លួនជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៧។


ជាមួយគ្នាដែរ ការបង្ហាញមុខរបស់លោកក៏បានលុបពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា លោកបានទទួលមរណភាព ដោយសារជំងឺ។ ក្នុងវ័យ ៧៣ ឆ្នាំ តារាប្រុស Jin ChaoQun បានបង្ហាញខ្លួនក្នុងកម្មវិធី Xiao Hong Blowing Water Station និងនិយាយរំឭកដល់ការចងចាំល្អៗ ដែលលោកបានថតរឿង Justice Bao។ អ្វីដែលពិសេស លោកក៏បានតុបតែងខ្លួនជាតួអង្គ ប៉ាវ ចិន ផងដែរ។
លោកបានលើកឡើងថា បើទោះជាកន្លងផុតច្រើនឆ្នាំ លោកនៅតែមានការស្រឡាញ់ពេញចិត្ដចំពោះតួអង្គនេះ។ លោកបានបន្ដថា៖ ការសម្ដែងតួអង្គ ប៉ាវ ចិន ធ្វើឲ្យលោកគ្មានអារម្មណ៍សម្ដែងតួអង្គផ្សេងឡើយ លោកហាក់ស្រឡាញ់ និងជាប់ចិត្ដចំពោះតួអង្គមួយនេះ។


ក្រឡេកមកមើលសុខភាពរបស់លោកវិញ ប៉ុន្មានឆ្នាំចុងក្រោយ តារាប្រុស Jin ChaoQun បានរស់នៅជាមួយជំងឺជាច្រើន។ លោកមានជំងឺលើសឈាម ជាតិស្ករលើសក្នុងឈាម ជាតិខ្លាញ់លើសកម្រិត។ លោកក៏មានបញ្ហាពិបាកក្នុងការគេង និងដកដង្ហើម។ ក្នុងឆ្នាំ ២០១៧ លោកមានជំងឺដុះសាច់ក្នុងខួរក្បាល និងត្រូវវះកាត់។ សុខភាពរបស់លោកហាក់មានភាពទ្រុឌទ្រោម និងត្រូវការប្រើប្រាស់ឈើច្រត់ដើម្បីទប់លំនឹងក្នុងការដើរ។


តារាប្រុស Jin ChaoQun កើតក្នុងឆ្នាំ ១៩៥១។ លោកជាតារាសម្ដែងប្រុសជើងចាស់ម្នាក់ដែលទទួលបានភាពល្បីល្បាញខ្លាំងក្រោយបង្ហាញខ្លួនក្នុងរឿង Justice Bao ឬ ប៉ាវ ចិន ក្នុងឆ្នាំ ១៩៩៣។ លោកត្រូវបានគេចាត់ទុកជាតារាប្រុសសម្ដែងតួអង្គ លោកម្ចាស់ ប៉ាវ សមឥតខ្ចោះជាងគេបំផុត និងតែងត្រូវគេរំឭកដល់នៅពេលនិយាយពីតួអង្គមួយនេះ។ បច្ចុប្បន្ន លោកបានលាឈប់ពីសិល្បៈ និងរស់នៅយ៉ាងសាមញ្ញជាមួយភរិយា។ លោក និងភរិយា គឺត្រូវបានរាយការណ៍ថា មិនមានកូននោះទេ ៕

























Account
Security
Favourite Content