នៅថ្ងៃទី១៤ ខែតុលានេះ Kylie Jenner បានចូលប្រឡូកក្នុងវិស័យចម្រៀងជាផ្លូវការ ដោយបញ្ចេញនូវបទចម្រៀងដំបូង Fourth Strike ដែលជាស្នាដៃរួមគ្នាជាមួយនឹងដៃគូចាស់ Terror Jr ។

វត្តមាននៅក្នុងចម្រៀងបទនេះ អ្នកជំនួញស្រីបានប្រើប្រាស់ឈ្មោះថា King Kylie ជាអត្តសញ្ញាណមួយទៀតរបស់នាង ដែលបានណែនាំឱ្យមហាជនបានស្គាល់តាំងតែពីឆ្នាំ ២០១៤ ពោលគឺនៅក្នុងឆ្នាំតែមួយដែលនាងចាប់ផ្ដើមអាជីវកម្មផលិតផលគ្រឿងសម្អាង។
ចម្រៀងបទ Fourth Strike នេះ គឺជាស្នាដៃតគ្នាពីបទ Three Strikes របស់ Terror Jr ដែលជាចម្រៀងប្រើប្រាស់នៅក្នុងពាណិជ្ជកម្មក្រែមលាបមាត់របស់យីហោ Kylie Cosmetics កាលពីឆ្នាំ ២០១៦ រហូតលេចចេញជាពាក្យចចាមអារ៉ាមថា Kylie បានចូលរួមច្រៀងនៅក្នុងបទនេះ មុននឹងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ តារាស្រីវ័យ ២៨ឆ្នាំបានចេញមកច្រានចោលថា ខ្លួនមិនបានចូលរួមផលិតបទខាងលើទេ។

បកស្រាយពីចម្រៀងបទថ្មីនេះ Kylie Jenner បានចែករំលែកនៅលើគណនី Instagram ថា៖ “មានពាក្យចចាមអារ៉ាមតិចតួចកាលពី ១០ ឆ្នាំមុនថា ខ្ញុំជាអ្នកច្រៀងបទ Three Strikes! ម្ចាស់សំឡេងមិនមែនជាខ្ញុំទេ (បើទោះបីជាខ្ញុំចង់ធ្វើជាម្ចាស់សំឡេងក៏ដោយ) ដូច្នេះ ខ្ញុំក៏គិតថា ចង់ធ្វើចម្រៀងជុំគ្នានៅក្នុងបទ Fourth Strike ហើយខ្ញុំបានសហការគ្នាហើយ!”។
“Terror Jr អរគុណសម្រាប់ការផលិតបទចម្រៀងដ៏ល្អឥតខ្ចោះមួយទៀត ហើយក៏អរគុណសម្រាប់ការជឿជាក់ថា ខ្ញុំពិតជាអាចច្រៀងបាន! តាមពិតខ្ញុំភ័យខ្លាំងណាស់ តែក៏សប្បាយចិត្តមិនតិចដូចគ្នា” តារាស្រីរំឭកដល់ដៃគូដូច្នេះ។
មិនខុសពីបទ Three Strikes ទេ កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ Kylie Cosmetics ក៏បានបញ្ចេញវីដេអូពាណិជ្ជកម្មក្រែមលាបមាត់ថ្មីរបស់ខ្លួន ដោយបានបញ្ចូលបទ Fourth Strike ទៅនឹងវីដេអូផងដែរ៕
























Account
Security
Favourite Content