សម្រាប់ប្រិយមិត្តជាអ្នកគាំទ្រភាពយន្ដកុនហុងកុងច្បាស់ជាធ្លាប់ស្គាល់ហើយតារាសម្ដែងស្រីជួរមុខ Kristal Tin ដែលសម្ដែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្ដរបស់ TVB រួមមាន “ថ្វីមាត់អណ្ដាតប្រាក់” “វិថីជីវិត” “អ្នកក្លាហានទាំង ៣ ឆ្លងភព” និង “អភិនីហារឆ្លងកាល”ជាដើម។


បន្ទាប់ពីថតរឿងចុងក្រោយនៅក្នុងឆ្នាំ ២០១៩ តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះបានដកឃ្លាពីវិស័យសម្ដែងខ្សែភាពយន្ដមួយរយៈអស់ធំ។ យ៉ាងណាមិញថ្មីៗនេះតាមរយៈការផុសនៅលើបណ្ដាញសង្គម នាងបានធ្វើឱ្យអ្នកគាំទ្រ និងសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលប្រកាសថានាងបានឆ្លងកាត់ការវះកាត់ព្យាបាលជំងឺមហារីក។
នៅក្នុងសំណេរ នាងឱ្យដឹងថាវេជ្ជបណ្ឌិតបានរកឃើញថាមានស្រមោលអ្វីម្យ៉ាងនៅក្នុងសួតរបស់នាងកំលុងពេលការឆែកសុខភាពប្រចាំឆ្នាំ។ បន្ទាប់មកវាត្រូវចំណាយពេលរហូត ៣ ដងដើម្បីបញ្ជាក់ថាជាជំងឺមហារីកសួតដំណាក់កាលដំបូងដោយគ្រូពេទ្យបានណែនាំឱ្យនាងធ្វើការវះកាត់ដើម្បីយកវាចេញ។ កំលុងពេលព្យាបាលនាងបានបង្ហើបថាចាប់តាំងពីពិនិត្យរហូតដល់ដំណាក់កាលវះកាត់ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពិតជាបានយកចិត្តទុកដាក់លើនាងយ៉ាងល្អរួមទាំងការពន្យល់អំពីស្ថានភាពជំងីបានច្បាស់លាស់ទៀតផង។ បើទោះបីនេះជាការវះកាត់លើកទីមួយសម្រាប់នាងមែន ក៏នាងមិនបានមានអារម្មណ៍ថាភ័យខ្លាចអ្វីបន្ដិចឡើយ សូម្បីតែគ្រូពេទ្យក៏លាន់មាត់សរសើរនាងដែរ។



យ៉ាងណាមិញ ការព្យាបាលជំងឺមហារីករបស់នាងគឺមិនបានធ្វើនៅទីក្រុងហុងកុងជាទឹកដីកំណើតឡើយ ពោលគឺនាងបានធ្វើដំណើរទៅទទួលការវះកាត់នៅកោះតៃវ៉ាន់ថែមទាំងបានកោតសរសើរចំពោះប្រព័ន្ធវេជ្ជសាស្រ្តដ៏អស្ចារ្យ មានតម្លៃសមរម្យ ហើយបុគ្គលិកពេទ្យទាំងអស់បានយកចិត្តទុកដាក់ដោយផ្ដោតសំខាន់ទៅលើការព្យាបាលអ្នកជំងឺជាអាទិភាព។ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់បានលើកទឹកចិត្តនាងជាបន្ដបន្ទាប់កំលុងព្យាបាលក្រោយវះកាត់ទៀតផង ខណៈពេលដែលស្ថានភាពរបស់នាងបានល្អប្រសើរបន្ដិចម្ដងៗ។ ពេលនេះតារាស្រី Kristal Tin មានអារម្មណ៍ប្រសើរឡើងច្រើនជាងមុន និងបានផ្ដាំឱ្យអ្នកគាំទ្រកុំមានការបារម្ភពីនាងច្រើនផងដែរ ៕
























Account
Security
Favourite Content