កញ្ញា កុយ អេនណា បានធ្វើដំណើរពីភ្នំពេញដោយថ្មើរជើង ដើម្បីឆ្ពោះទៅកាន់ខេត្តសៀមរាមកទល់ពេលនេះ នាងបានចំណាយពេល ១៥ ថ្ងៃហើយ។ ក្នុងដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាប លើកដំបូងរបស់បវរកញ្ញារូបនេះ នាងបានជួបអ្នកសិល្បៈជាច្រើនឆ្លងកាត់ និងបានចុះមកសួរសុខទុក្ខ។


ថ្ងៃទី ១៥ នៃដំណើរថ្មើរជើង អេនណា ពេលនេះបានទៅដល់ផ្សារស្ទោង ខេត្តកំពង់ធំហើយ។ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែលបវរកញ្ញាវ័យ ២៥ ឆ្នាំ ឆ្លងកាត់បានចូលរួមបរិច្ចាគដល់មូលនិធិ អេនណា សឹងតែគ្រប់គ្នា។ មិនតែប៉ុណ្ណោះមហាជនពិតជាស្រលាញ់ចូលចិត្តនាងខ្លាំងតែម្ដង ហើយសូម្បីតែក្មេងៗតូចៗក៏យកប្រាក់មកចូលរួមជាមួយនាងដែរ។
បើទោះជាខុសពីផែនការគ្រោងទុកមុនក៏ពិតមែន តែការព្យាយាមរបស់ កុយ អេនណា មិនអាសាបង់ឡើយ ម្នាក់ៗពិតជាបានឃើញការលះបង់ និងតស៊ូមិនចុះចាញ់របស់តារាសម្បុរស្រអែមស្រស់រូបនេះ។ អេនណា ធ្លាប់បានប្រាប់កាលពេលចេញដំណើរដំបូងថា បេសកកម្មដើរទៅកាន់ខេត្តសៀមរាប ដោយថ្មើរជើងនេះ នាងគ្រោងចំណាយពេល ១០ ថ្ងៃ។


ក្រោយជួបឧបសគ្គតាមផ្លូវដូចជាព្យុះ ភ្លៀងសឹងមិនលោះថ្ងៃ ធ្វើឲ្យការធ្វើដំណើរអាចរអាក់រអួលខ្លះ តែយ៉ាងណា អេនណា មិនបានឈប់ ឬបន្លំអ្នកគាំទ្រដោយ ប្រើមធ្យោបាយធ្វើដំណើរជាយានយន្តឡើយ គឺនាងនៅតែបន្តដើររហូតពីទីតាំងមួយ ទៅទីតាំងមួយទៀត។
ក្នុងវីដេអូប៉ុន្មានម៉ោងមុននេះ អេនណា បញ្ជាក់យ៉ាងច្បាស់ថា នាងជិតដល់ផ្សារស្ទោង ហើយនឹងទៅឲ្យទាន់ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត (ពីថ្ងៃ ២១-២៣ ខែកញ្ញា ឆ្នាំ ២០២៥) តែនាងមិនទាន់ប្រាកដថានឹងទៅដល់គោលដៅ ឬក៏អត់ទេ ដោយកញ្ញានឹងព្យាយាមឲ្យអស់ពីលទ្ធភាព។
គួរបញ្ជាក់ថាចម្ងាយផ្លូវពីផ្សារស្ទោងទៅដល់ខេត្តសៀមរាប នៅប្រមាណ ៩០ គីឡូម៉ែត្រទៀត ទើបដល់គោលដៅ។ អេនណា ធ្លាប់បាននិយាយថា ក្នុងដំណើរថ្មើរជើងនេះ ១ថ្ងៃយ៉ាងហោចណាស់ក៏នាងដើរឲ្យបាន ៣០ គីឡូម៉ែត្រដែរ។ បេសកកម្មនេះ អេនណា លះបង់ធំធេងណាស់ មិនថា សម្រស់ ចំណូលផ្តាល់ខ្លួន និងសុខភាពឡើយ ដោយធ្វើយ៉ាងណាឲ្យដល់គោលដៅ៕


រូបភាព៖ Koy Anna























Account
Security
Favourite Content