ថ្មីៗ នេះ តារាសម្ដែងប្រុស Lee DongGun បាននិយាយរំឭកទៅដល់រឿងប្អូនប្រុសសំណព្វចិត្តរបស់លោកដែលបានបាត់បង់ជីវិតអស់រយៈពេល ១៥ ឆ្នាំ ខណៈធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍អាណិត និងសោកស្ដាយចំពោះរូបលោក។

ក្នុងឱកាសចូលរួមក្នុងកម្មវិធី “My Little Old Boy” របស់ទូរទស្សន៍ SBS តារាប្រុសវ័យ ៤៣ ឆ្នាំរូបនេះ បាននិយាយពីប្អូនប្រុសរបស់លោកដែលបានស្លាប់បាត់បង់ជីវិតនៅប្រទេសអូស្ដ្រាលីទាំងទឹកមុខក្រៀមក្រំថា៖ ពេលវេលាដែលប្អូនប្រុសលោកបាត់ជីវិតគឺពេលមួយដ៏លំបាកសម្រាប់ក្រុមគ្រួសាររបស់លោក។
បកត្រឡប់ទៅកាលនោះ លោកពិតជាពិបាកធ្វើចិត្ត និងមិនអាចសូម្បីតែមានពេលវេលាគ្រប់គ្រាន់ក្នុងការកាន់ទុក្ខ ឬគិតដល់ប្អូនប្រុសរបស់លោក ដោយសារលោកត្រូវមើលថែទាំងឳពុកម្ដាយ។ ការចាកចេញរបស់ប្អូនប្រុសលោកធ្វើឲ្យសមាជិកគ្រួសារហាក់មានការរន្ធត់ចិត្ដខ្លាំង។


លោកបានបន្ដថា៖ លោកមិនចង់នាំយកសាកសពរបស់ប្អូនប្រុសលោកមកប្រទេសកូរ៉េវិញទេ ដោយសារតែទម្រាំហោះមកដល់ស្រុកកំណើតរូបរាងរបស់គេនឹងប្រែប្រួល លោកចង់ឲ្យពេលវេលាចុងក្រោយរបស់ប្អូនប្រុសលោកនៅតែស្រស់ស្អាត។ ទីបំផុតសាកសពរបស់ប្អូនប្រុសលោកត្រូវបូជានៅប្រទេសអូស្ដា្រលី និងយកតែធាតុមកវិញប៉ុណ្ណោះ។


គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០០៨ ប្អូនប្រុសរបស់តារាប្រុស Lee DongGun ដែលមានវ័យ ២១ ឆ្នាំត្រូវបានគេចាក់សម្លាប់យ៉ាងព្រៃផ្សៃនៅឯទីក្រុង Sydney ប្រទេស អូស្ដា្រលី កំឡុងពេលទៅរៀនបន្ដ។ ជនរងគ្រោះក្នុងកើតហេតុនោះក៏មានបុរសជនជាតិកូរ៉េម្នាក់ផ្សេងទៀតផងដែរ។ រឿងក្ដីចាក់សម្លាប់នេះបានក្លាយជាប្រធានបទក្ដៅនាពេលនោះ ស្របពេលដែលមហាជនជាច្រើនបង្ហាញក្ដីអាណិត និងសោកស្ដាយចំពោះតារាប្រុស Lee DongGun និងក្រុមគ្រួសារ ៕
























Account
Security
Favourite Content