មិនថាសម្ដែងជាតួអង្គចិត្ដល្អ ឬចិត្ដអាក្រក់ឡើយ ឲ្យតែមានសមត្ថភាព និងទេសកោសល្យ ពិតណាស់នឹងត្រូវបានគេចាប់អារម្មណ៍ ព្រមទាំងលើកមេដៃសរសើរតែម្ដង។ ជាមួយគ្នាដែរ តារាសម្ដែងកូរ៉េប្រុសស្រី ប៉ុន្មានរូបនេះ សម្ដែងជាតួអង្គចិត្ដអាក្រក់សមពេករហូតដល់អ្នកខ្លះរងពាក្យជេរប្រទេចក្នុងជីវិតពិតថែមទៀត។ តែយ៉ាងណាក្ដី អមជាមួយពាក្យជេរប្រទេច តារាប្រុសស្រីទាំងនោះក៏ទទួលបានការសរសើរ និងត្រូវបានគេលើកឡើងថា លេចធ្លោខ្លាំងមិនចាញ់តួឯកឡើយ។ តោះទៅមើលថា ជានរណាខ្លះ៖
១.Um KiJoon



តារាប្រុស Um KiJoon បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន ខ្លាចរអាតែម្ដង ក្រោយសម្ដែងជាតួអង្គចិត្ដអាក្រក់ក្នុងរឿង “The Penthouse” និង “The Little Woman”។ ដោយរឿង “The Penthouse” លោកសម្ដែងជាតួអង្គស្វាមីចិត្ដខ្មៅ ប្រើប្រាស់ហិង្សា និងព្យាយាមប្រើអំណាចគ្រប់គ្រងអ្នកដទៃ។ ស្របពេលដែលរឿង “The Little Woman” អ្នកនយោបាយពូកែខាងបោកប្រាស់ម្នាក់។ ការសម្ដែងរបស់លោកធ្វើឲ្យអ្នកដែលទស្សនារឿងទាំងពីរហើយ អត់ទ្រាំមិនស្អប់មិនបាន ជាពិសេស ដល់ថ្នាក់លោកទៅសម្ដែងជាតួអង្គចិត្ដល្អនៅរឿងថ្មី ក៏អ្នកទស្សនាមិនទុកចិត្ដលោក។
២.Lim Jiyeon



តារាស្រី Lim Jiyeon ចាប់ផ្ដើមទទួលការចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយសម្ដែងរឿង “The Glory”។ នាងសម្ដែងជាតួអង្គ bully អ្នកដទៃដ៏រោគចិត្ដម្នាក់។ ស្នាមញញឹមរបស់នាងនៅពេលដែលធ្វើសកម្មភាពធ្វើបាបអ្នកដទៃ ដូចជាយកម៉ាស៊ីន កៀបសប់ទៅកៀបលើដៃជនរងគ្រោះ ធ្វើឲ្យអ្នកទស្សនា ព្រឺក្បាលតែម្ដង។ ក្រៅពីនេះ នៅពេលដែលសម្ដែងបែបភ័យខ្លាច ស្រែក ក៏កាន់តែធ្វើឲ្យអ្នកទស្សនាជក់ចិត្ដដិតអារម្មណ៍។ នាងត្រូវបានគេចាត់ទុកជាតារាស្រីឆ្នើមម្នាក់ដែលអាចសម្ដែងតួអង្គចិត្ដអាក្រក់បានយ៉ាងល្អ។
៣.Min Joon Gook


បើទោះជាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ តែនៅពេលរំឭកដល់តួអង្គចិត្ដអាក្រក់ អ្នកទស្សនារឿងភាគកូរ៉គឺមិនភ្លេចឡើយ គឺតារាសម្ដែងប្រុសជើងចាស់ Min JoonGook។ លោកសម្ដែងជាតួអង្គចិត្ដអាក្រក់ក្នុងរឿង “I Can Hear Your Voice” ដែលចេញផ្សាយក្នុងឆ្នាំ ២០១៣។ លោកដើរតួ ជាមនុស្សរោគចិត្ដ ដេញតាមសម្លាប់តួអង្គឯក ការដេញសម្លាប់ និងតាមដូចស្រមោលតាមប្រាណ ធ្វើឲ្យអ្នកទស្សនាថប់ចិត្ដ ព្រមទាំងមានអារម្មណ៍ភ័យខ្លាចជំនួសតួអង្គឯកទៀតផង។
៤. Kim JaeWook


តារាប្រុស Kim JaeWook ទទួលបានការសរសើរខ្លាំង ក្រោយបង្ហាញខ្លួនក្នុងរឿងភាគ “Voice”។ ថ្វីបើមានរូបរាងសង្ហាមែនពិត តែតួអង្គដែលលោកសម្ដែងគឺជាមនុស្សរោគចិត្ដសម្លាប់មនុស្សមិនខ្លាចរអា។ លោកសម្ដែងជាតួអង្គបុរសវ័យក្មេងជោគជ័យម្នាក់ រូបរាងក៏សង្ហា រីឯទ្រព្យសម្បត្ដិក៏ពេញដៃ។ តែអ្វីដែលគួរឲ្យខ្លាច នៅពីក្រោយរូបរាងស្អាតបាត និងមើលទៅថ្លៃថ្នូរ លោកបែរជាបង្កប់នូវរឿងអាថ៍កំបាំងជាច្រើនដែលធ្វើឲ្យអ្នកទស្សនាព្រឺរក្បាល។ ការសម្ដែងដ៏ប៉ិនប្រសប់ និងបង្ហាញពីភាពរីករាយ នៅពេលបានសម្លាប់មនុស្ស ធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
៥. Lee JaeKyung


តារាប្រុស Lee JaeKyung ក៏តែងត្រូវបានគេរំឭកដល់នៅពេលដែលនិយាយពីតួអង្គចិត្ដអាក្រក់។ លោកសម្ដែងក្នុងរឿងភាគល្បី “My Love From The Stars”។ រាល់ពេលបង្ហាញខ្លួនក្នុងរឿង លោកតែងធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ខ្វាយខ្វល់ និងភ័យព្រួយពីតួអង្គឯកតែម្ដង។ តួអង្គដែលលោកសម្ដែង ជាប្រភេទមនុស្សមានចិត្ដឆៅ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបំណងរបស់ខ្លួន ឲ្យតែនរណាទើសមុខ និងបំផ្លាញគម្រោងរបស់លោក គឺពិតណាស់ លោកនឹងមិនឲ្យម្នាក់នោះរួចខ្លួនឡើយ។ លោកបានធ្វើឃាតមិត្ដស្រីរបស់ខ្លួន ទាំងរូបនាងកំពុងមានផ្ទៃពោះ ថែមទាំងមានគំនិតចង់ធ្វើឃាតតួអង្គឯកស្រីថែមទៀត។
៦.Song HaYoon


តារាស្រី Song HaYoon ត្រូវបានមហាជនជាច្រើនចាប់អារម្មន៍ក្រោយសម្ដែងក្នុងរឿង “Marry My Husband”។ តួអង្គដែលនាងសម្ដែង មែនទែនទៅ រាល់ពេលចេញមុខម្ដងៗ តែងតែធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍មិនល្អ និងគ្រឺតខ្លាំង។ នាងសម្ដែងជាតួអង្គមានពុតត្បុត និងមើលទៅសុភាពរាបសា តែនៅពីក្រោយខ្នង នាងតែងមានគម្រោងចង់ធ្វើបាបដល់តួអង្គឯកស្រី។ សម្ដែងជាតួអង្គច្រណែន ឈ្នានីស អ្នកដទៃ រូបនាងត្រូវបានគេសរសើរយ៉ាងខ្លាំងថា សម្ដែងពិតជាសមសឹងតែបែងចែកមិនដាច់ថា មួយណាជាការពិត មួយណាជាការសម្ដែងឡើយ៕























Account
Security
Favourite Content