ថ្ងៃ ៧ វិច្ឆិកា ២០០៣ មកដល់ ថ្ងៃ ៧ វិច្ឆិកា ២០២៣ មានរយៈពេល ២០ឆ្នាំហើយ ដែលរបាំព្រះរាជទ្រព្យខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ក្នុងថ្ងៃខួបគម្រប់ ២០ ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» គេឃើញសិល្បករ-សិល្បការិនីប្រុសស្រីល្បីៗ នាដការីរបាំបុរាណយ៉ាងច្រើនកុះករ និងប្រជាជនកម្ពុជា បានចេញមកសម្តែងការអបអរសាទរ និងមោទនភាព សម្រាប់ថ្ងៃដ៏វិសេសវិសាលនេះ។
ក្នុងនោះគេឃើញតារាស្រីល្បីៗ និងនាដការនីរបាំបុរាណមួយចំនួន បានបង្ហោះរូបថតទ្រង់គ្រឿងតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ ដែលកំពុងពត់ពែនខ្លួនយ៉ាងរស់រវើក ដើម្បីជាការផ្សព្វផ្សាយ និងអបអរដល់ការឈានចូលខួបគម្រប់ ២០ ឆ្នាំនៃ «របាំព្រះរាជទ្រព្យ» របស់ខ្មែរយើង។
ក្រឡេកទៅមើលសោភារូបស្រស់ កញ្ញា សុគា គីមលាង ហៅ Kon Ant ដែលជានាដការនីរបាំបុរាណដ៏មានទេពកោសល្យឯណោះវិញ មិនឱ្យរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើយ ដោយនាងបានទ្រង់គ្រឿងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ បង្ហាញក្បាច់រាំដ៏ទន់ភ្លន់ ល្វត់ល្វន់ជាង ៣ នាទី នៅប្រាង្គប្រាសាទអច្ឆិរយដែលបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។





Kon Ant លាបម្សៅមុខសក្បុស និងទ្រង់គ្រឿងបុរាណចាំងភ្លឺផ្លេកៗ ពត់ពែនតាមសំលេងនៃវង់ភ្លេងខ្មែរដ៏ពីរោះគ្រលួចចិត្ត បង្កើតចេញជាផ្ទាំងទស្សនីយភាពរបាំព្រះរាជទ្រព្យដ៏រស់រវើក និងជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ មើលទៅគួរឱ្យចង់គយគន់មិនចេញជិនណាយ។







សកម្មភាពដ៏ប្រពៃរបស់ Kon Ant ក្នុងការចូលរួមចំណែកផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងអរិយធម៌របស់ជាតិខ្មែរ ពិសេសទម្រង់របាំបុរាណខ្មែរ រមែងទទួលបានការស្ញើចសរសើរពីប្រជាជន ជាក់ស្តែងដូចពេលដែលនាងគ្រងឈុតអប្សរាអង្គរទៅរាំនៅលើភ្នំទឹកកក ប្រទេសនូវែលហ្សេឡង់ ជាដើម៕























Account
Security
Favourite Content