ក្រោយលេចដំណឹងថាតារាសម្ដែងប្រុស Kim SeonHo អាចនឹងសម្ដែងក្នុងរឿងភាគបុរាណថ្មី “Hash’s Shinru” អ្នកគាំទ្រពិតជាមានអារម្មណ៍សប្បាយរីករាយដោយសារតែវាជាការចាប់ផ្ដើមថ្មីមួយសម្រាប់រូបលោកក្រោយជួបព្យុះភ្លៀងរឿងអាស្រូវ។ មួយវិញទៀត អ្នកគាំទ្រពិតជាមានការនឹករឭកដល់រូបលោកជាខ្លាំង និងចង់ឃើញការសម្ដែងរបស់លោកក្នុងរឿងភាគសាជាថ្មីម្ដងទៀត។
តែយ៉ាងណាមិញ អ្នកគាំទ្រក៏ត្រូវខកចិត្តម្ដងទៀតដោយសារតែលោកបានបដិសេធមិនចូលសម្ដែងរឿងនេះឡើយ ដោយខាងផលិតកម្មរបស់លោក SALT Entertainment បានចេញនូវសេចក្ដីប្រកាសពីដំណឹងដែលលោកមិនចូលរួមសម្ដែងក្នុងរឿងភាគថ្មី។
ខាងផលិតកម្មបានឱ្យដឹងថា តារាប្រុស Kim SeonHo បាននិយាយពិភាក្សាចូលសម្ដែងក្នុងរឿងភាគថ្មី “Hash’s Shinru” កាលពីខែ មករា ឆ្នាំ ២០២៣ តែដោយសារបញ្ហាមួយចំនួនទើបជាលទ្ធផលសម្រេចចិត្តមិនចូលរួមសម្ដែងវិញ។ ខាងផលិតកម្មមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដឡើយថាហេតុអ្វីលោកជ្រើសមិនសម្ដែង ខណៈអ្នកគាំទ្រពិតជាសោកស្ដាយខ្លាំងដោយសាររឿងនេះជាប្រភេទខ្នាតធំគួរសម និងអាចឱ្យលោកស្ដារកេរ្ដិ៍ឈ្មោះបានត្រឡប់មកវិញ។
គួររំឭកផងដែរ កាលពីខែ តុលា ឆ្នាំ ២០២១ តារាប្រុសល្បីឈ្មោះ Kim SeonHo ត្រូវបានអតីតមិត្តស្រីចោទប្រកាន់ថាមានអត្ដចរិតមិនល្អនិងបានបង្ខំឲ្យរូបនាងយកកូនចេញ។ រឿងអាស្រូវនេះធ្វើឱ្យអាជីពជាអ្នកសិល្បៈរបស់លោកស្ទើរតែរលាយអស់គ្មានសេសសល់។ ក្រោយមក ខាងក្រុមអ្នកកាសែត Dispatch ចេញមុខទម្លាយការពិតថាលោកស្អាតស្អំមិនបានធ្វើរឿងដូចបានចោទប្រកាន់ឡើយ ទើបធ្វើឱ្យមហាជនមានក្ដីអាណិត និងសង្ឃឹមថាលោកអាចត្រឡប់មកសម្ដែងរឿងភាគវិញឆាប់ៗ៕
























Account
Security
Favourite Content