កាលពីសប្ដាហ៍មុនលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងបេសកកម្មទៅកាន់ប្រទេសបារាំង ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដើម្បីដឹកនាំប្រតិភូ និងសិល្បករកម្ពុជាជាង ២០ រូប ទៅសម្ដែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យ។

បេសកកម្មរយៈពេល១ សប្ដាហ៍របស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមជាមួយប្រធានសមាគមសិល្បករខ្មែរ ជិតបញ្ចប់ហើយ តែ៦ ថ្ងៃមកនេះនាដកខ្មែរជាង ២០ រូបបានទៅសម្ដែងខេត្តជាច្រើន និងបានទៅសម្ដែងរបាំព្រះរាជទ្រព្យនៅមុខ Tour Eiffel ផងដែរ។ សកម្មភាពសម្ដែងនៅពីមុខកន្លែងទេសចរណ៍ដ៏ល្បីរបស់បារាំង ធ្វើឲ្យអ្នកដំណើរចោមរោមមើល ហើយនោះជាចំណែកក្នុងការចូលរួមផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរផងដែរ។ បេសកកម្មចម្បងធ្វើឡើងក្នុងគោលបំណងនាំយកវប្បធម៌កម្ពុជា ទៅសម្ដែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេស ដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍អន្តរជាតិ និងកម្ពុជាក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្បានសិល្បៈវប្បធម៌។
សិល្បករ និងព្រឹទ្ធាចារ្យផ្នែករបាំជាច្រើនរូបរបស់កម្ពុជាបានខិតខំប្រឹងប្រែងហ្វឹកហាត់ ធ្វើយ៉ាងណាឲ្យការសម្ដែងល្អបំផុត ព្រោះនោះជាមុខមាត់ជាតិនៅលើវេទិកាអន្តរជាតិ។ ជាលទ្ធផល ការសម្ដែងពិតជារស់រវើក សំឡេងទះដៃអបអរលាន់ឮរំពង បង្ហាញពីការគាំទ្រពីសំណាក់ភ្ញៀវដែលចូលរួមក្នុងកម្មវិធីពិតមែន។


ជាក់ស្ដែងសម្ដែងថ្ងៃទី១ទទួលបានជោគជ័យនៅរោងមហាស្រព Musée du quai Branly – Jacques Chirac ទទួលបានការកោតសរសើរដល់មរតកដ៏អស្ចារ្យនៃរបាំព្រះរាជទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រោយខកខានសម្ដែងនៅបារាំងជិត ១០ ឆ្នាំ ឥឡូវនេះកម្ពុជាបាននាំមកយកប្រណិតភាព និងការសម្ដែងដ៏ល្អឥតខ្ចោះម្ដងទៀត បន្ទាប់ពីការយាងសោយទិវង្គតនៃសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី។ ពេលនេះរបាំព្រះរាជទ្រព្យខ្មែរបានរីកមុខមាត់របស់សាជាថ្មីម្តងទៀតលើឆាកអន្តរជាតិ ក្រោមការដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕












រូបភាព៖ សមាគមសិល្បករខ្មែរ

























Account
Security
Favourite Content