កេរឈ្មោះ ខាត់ វ៉ៃហាំង មិនត្រឹមល្បីក្នុងស្រុកប៉ុណ្ណោះទេ នៅថៃក៏មិនធម្មតាដែរ ព្រោះ ២ ឆ្នាំមកនេះលោកទទួលបានពានរង្វាន់ជាប់គ្នានៅទីនោះ។ សម្រាប់ថ្មីនេះលោកទើបទទួលពានពីកម្មវិធី Asia Top Award 2023 ហើយត្រូវបានទូរទស្សន៍ថៃជាច្រើនសម្ភាសន៍ថែមទៀត។

វ៉ៃហាំង បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ថៃ និងមានវត្តមានសិល្បករវៀតណាម ព្រមទាំងសិល្បករមីយ៉ាន់ម៉ាផងដែរ។ តារាប្រុសប្រចាំប្រទេសបានសរសេររៀបរាប់លើ FB នាថ្ងៃនេះថា “តបការអញ្ជើញចូលរួមសម្ភាសនៅតាមកម្មវិធីស្ថានីយទូរទស្សន៍ និងបណ្ដាសារព័ត៌មានថៃ ជាមួយសិល្បករវៀតណាម និងមីយ៉ាន់ម៉ា ក្រោយទទួលបានពានជាតារាសម្ដែងប្រុសដែលមានប្រជាប្រិយភាព ពីកម្មវិធី Asia Top Award 2023”។
សម្រាប់ ខាត់ វ៉ៃហាំង និងសង្សារសំណព្វចិត្ត ស៊ីន យូប៊ីន គឺជាតារាសម្ដែងប្រុសស្រីដែលមានភាពល្បីល្បាញទាំងនៅកម្ពុជា និងថៃ។ ដោយឆ្នាំនេះខាងប្រុស ទទួលបានពានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actor of the year) ហើយខាងស្រីបានពានរង្វាន់តារាសម្ដែងស្រីមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year)។ ចំណែកឆ្នាំមុនវិញតារាសម្ដែងឆ្នើម និងជាគូស្នេហ៍មានការគាំទ្រខ្លាំងលំដាប់ប្រទេសកម្ពុជា វ៉ៃហាំង និង យូប៊ីន បានដឹកដៃគ្នាទៅទទួលពានរង្វាន់នៅប្រទេសថៃ ក្នុងនោះ រួមមានពានរង្វាន់ Thailand Digital Award 2022, ពានរង្វាន់ ដៃគូសម្ដែងដ៏ស័ក្ដិសមបំផុតរបស់ស្ថានីយទូរទស្សន៍ដ៏ល្បីប្រចាំប្រទេសកម្ពុជា ប្រចាំឆ្នាំ ២០២២ និងមួយទៀតពានរង្វាន់កិត្តិយសពីស្ថាប័ន K-Beauty Award ដែលជាស្ថាប័នអន្តរជាតិមួយ ចូលរួមដោយប្រទេសអូស្ត្រាលី កូរ៉េ អាមេរិក កាណាដា។


តារាសម្ដែងរូបសង្ហាមានសមត្ថភាពអាចនិយាយបានទាំងភាសា ថៃ ព្រមទាំងភាសាអង់គ្លេសបានយ៉ាងល្អ។ ក្រោយទទួលបានពានពីកម្មវិធី Asia Top Awards 2023 ខាត់ វ៉ៃហាំង បាន ថ្លែងអំណរគុណអ្នកគាំទ្រ ដែលបានផ្ដល់ឲ្យលោកមាននៅថ្ងៃនេះ បើគ្មានអ្នកទាំងអស់គ្នា បើគ្មានអ្នកគាំទ្រទេ លោកក៏មិនអាចទទួលបានសមិទ្ធផលល្អដូចបច្ចុប្បន្ន៕































Account
Security
Favourite Content