មូលហេតុ ឈិន ឡុង ជាកំពូលតារាប្រុសហុងកុងដ៏ឆ្នើមស្ទើរគ្មានអ្នកប្រៀបបាន

លោក ឈិន ឡុង ជាតារាសម្ដែងប្រុស ផលិតករ អ្នកដឹកនាំល្បីល្បាញម្នាក់ក្នុងពិភពលោក លោកត្រូវបានមហាជនស្គាល់តាមរយៈភាពយន្ដកុនបែបកំប្លុកកំប្លែងដែលលាយឡំក្បាច់គុនចិន។ ក្រៅពីអាជីពខាងលើនេះ លោកក៏ជាតារាចម្រៀងដ៏ល្បីម្នាក់ និងច្រៀងចម្រៀងជាច្រើនក្នុងរឿងដែលលោកបានសម្ដែង។ ក្នុងចំណោមបទចម្រៀងដែលលោកច្រៀងគឺបទ “Endless Love” ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារជាបទចម្រៀងមនោសញ្ចេតនាលន្លង់លន្លោចកម្សត់ស្ដាប់ហើយធ្វើឱ្យមហាជនមិនអាចដកចិត្តបាន។

លោក ឈិន ឡុង កើតនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៥៤ នៅ ហុងកុង។ លោកចាប់ផ្ដើមអាជីពជាតារាសម្ដែងដំបូងបំផុតក្នុងឆ្នាំ ១៩៦២។ ដំបូងៗ លោកដើរតួត្រឹមជាតួនាយរងប៉ុណ្ណោះ ក្រោយតស៊ូ និងចំណាយពេលអស់រយៈពេលជិត ១៣ ឆ្នាំទើបលោកមានឱកាសសម្ដែងជាតួឯកលើកដំបូងបំផុតក្នុងឆ្នាំ ១៩៧៦។ លោកចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំងនៅក្នុងឆ្នាំ ១៩៧៨ ក្រោយពីបង្ហាញខ្លួនក្នុងរឿង “Snake in the Eagle’s Shadow”។ ក្នុងឆ្នាំដដែល លោកក៏បានបង្ហាញខ្លួនក្នុងរឿង “Drunken Master” ដែលកាន់តែធ្វើឱ្យមហាជនស្គាល់រូបលោកថែមមួយកម្រិតទៀត។ ក្នុងឆ្នាំ ១៩៨០ ជាពេលវេលាដែលលោក ឈិន ឡុង បានវិវត្ដន៍ខ្លួនទៅជាតារាសម្ដែងក្បាច់គុន បែបកំប្លុកកំប្លែង ហើយវាក៏ជាពេលវេលាលោកបង្ហាញខ្លួនក្នុងភាពយន្ដកុនហូលីវូដដំបូងមានចំណងជើងថា “The Big Brawl”។ ក្នុងឆ្នាំ ១៩៨០ ដដែល លោកក៏បានបង្ហាញខ្លួនក្នុងរឿង “The Young Master” និងក្លាយជារឿងដែលរកបានប្រាក់ចំណូលច្រើនបំផុតនៅ ហុងកុង នាពេលនោះ លោកក៏ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាជាតារាហុងកុងដ៏មានឥទ្ធិពលម្នាក់។ ក្រោយពីនោះ លោក ឈិន ឡុង ក៏ចាប់ផ្ដើមថតឈុតគ្រោះថ្នាក់ដោយខ្លួនឯង និងចាប់ផ្ដើម ផលិតនូវរឿងបែបកំប្លុកកំប្លែងជាបន្ដបន្ទាប់។ ក្នុងអាជីពជាអ្នកសិល្បៈលោកបានបង្ហាញខ្លួនក្នុងភាពយន្ដកុនមិនតិចជាង ២០០ រឿងឡើយ និងធ្លាប់រួមការងារសម្ដែងជាមួយតារាល្បីៗ ស្រករខ្លួនដូចជា កុំកុំ លី តាវហួរ លី លានជា ជាដើម។

គិតត្រឹមឆ្នាំ ២០១៨ ភាពយន្ដកុនដែលលោកបានសម្ដែងចំនួនជាង ៤០ គិតបូកបញ្ចូលគ្នាអាចរកប្រាក់ចំណូលបានច្រើនជាង ៥ ពាន់លានដុល្លារអាមេរិកជុំវិញពិភពលោក។ មែនទែនទៅ មូលហេតុធំៗ ជាច្រើនធ្វើឱ្យ លោក ឈិន ឡុង ត្រូវបានគេចាត់ទុកជាតារាប្រុសហុងកុងឆ្នើមម្នាក់ស្ទើរគ្មានអ្នកប្រៀបបាន៖

តារាសម្ដែងអាចសម្ដែងបត់បែនគ្រប់កាលៈទេសៈ

លោក ឈិន ឡុង ជាតារាសម្ដែងម្នាក់ដែលមានភាពក្រមិចក្រមើម។ ការសម្ដែងរបស់លោកត្រូវបានមហាជនលើកឡើងថា ពិតជាពិសេស និងកម្ររកបានក្នុងវិថីសិល្បៈចិន ហុងកុង នាពេលបច្ចុប្បន្ន។ ដោយរឿងរបស់លោកនីមួយៗ សុទ្ធសឹងតែមានលាយឡំនឹងឈុតឆាកកំប្លែង បែបផ្សងព្រេងព្រមទាំងមានក្បាច់គុនចិន និងឈុតឆាកវាយគ្នាយ៉ាងជក់ចិត្តដិតអារម្មណ៍។ ក្បាច់គុនចិនដែលលោកប្រើប្រាស់ក្នុងរឿងត្រូវបានកែច្នៃបន្ថែមភាពកំប្លុកកំប្លែងដូចជា ឈុតបែបវាយចាប់បានរបស់អ្វីក៏អាចយកមកប្រើប្រាស់ជាក្បាច់គុនវាយគ្នាធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ភ័យបុកពោះតាម និងសប្បាយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីឈុតឆាកកំប្លែងរឿងរបស់លោកក៏មានលាយឡំឈុតឆាកបែបមនោសញ្ចេតនា និងកំសត់ផងដែរ ចំណុចពិសេសនេះធ្វើឱ្យអ្នកទស្សនារឿងរបស់លោកទទួលបានអារម្មណ៍គ្រប់រស់ជាតិ។

តារាដែលមានទំនាក់ទំនងល្អ និងអាចប្រើប្រាស់ភាសាបានច្រើន

លោក ឈិន ឡុង ត្រូវបានគេរាយការណ៍ថាជាតារាសម្ដែងប្រុសមួយរូបដែលមានអត្ដចរិតល្អ និងគួរឱ្យគោរពខ្លាំង។ សម្ដែងក្នុងរឿងមិនតិចជាង ២០០ រឿង លោកតែងតែត្រូវបានមិត្ដរួមអាជីពសរសើរថាជាមនុស្សឧស្សាហ៍ព្យាយាម និងមិនខ្លាចនឿយហត់ព្រមទាំងចេះជួយយកអាសារអ្នកជុំវិញ។ ទំនាក់ទំនងល្អរបស់លោកធ្វើឱ្យមិត្ដរួមអាជីពដែលធ្លាប់ការរួមគ្នាតែងចង់សហការជាមួយលោកម្ដងទៀត។ លោកក៏ជាតារាប្រុសម្នាក់ដែលអាចប្រើប្រាស់ភាសាបានច្រើនផងដែរ ក្រៅពីភាសាកំណើតចិនកាតាំង លោក ឈិន ឡុង ត្រូវបានរាយការណ៍ថាអាចប្រើប្រាស់ភាសាផ្សេងៗ ទៀត ដូចជាចិន កុកងឺ ភាសាអង់គ្លេស និងភាសាជប៉ុន។ ហើយភាសាមួយចំនួនទៀតដែលរូបលោកអាចប្រើប្រាស់បានតែមិនផ្លូវការដូចជាភាសាកូរ៉េ ថៃ អាល្លឺម៉ង់ និងអេស្ប៉ាញ។ លោកក៏ជាតារាម្នាក់ដែលចូលចិត្តរៀនអ្វីដែលថ្មីៗ ជាពិសេស ភាសាទំនាក់ទំនងតែម្ដង។   

ថតឈុតគ្រោះថ្នាក់ដោយគ្មានតួជំនួស

លោកជាតារាម្នាក់ដែលមានភាពក្លាហាន តស៊ូ និងមិនខ្លាចគ្រោះថ្នាក់ ដោយសារតែលោកតែងតែសម្ដែងឈុតគ្រោះថ្នាក់ដោយខ្លួនឯងដោយមិនញញើត មិនថាការសម្ដែងមានភាពគ្រោះថ្នាក់ប៉ុណ្ណាលោកនៅតែជំនះថតដោយខ្លួនឯងទាល់តែបាន។ រយៈពេលជិត ៥០ ឆ្នាំក្នុងអាជីពជាតារាសម្ដែងឆ្អឺងក្នុងខ្លួនរបស់លោកត្រូវបានឱ្យដឹងថាបាក់ និងខូចខាតស្ទើរគ្រប់កន្លែង។ លោក​ធ្លាប់របួសបាក់ឆ្អឹងច្រមុះ ចង្ការ ម្រាមដៃ ម្រាមជើង ឆ្អឹងជំនី កែងជើង របួសនៅផ្នែកក្បាលធ្ងន់ធ្ងរ និងផ្សេងៗទៀត។ របួសទាំងនេះ កើតឡើងនៅពេលដែលលោកថតឈុតគ្រោះថ្នាក់ដូចជាហក់បុកទម្លុះកញ្ចក់ ទម្លាក់ខ្លួនពីលើអគារ ហក់ពីលើឡានក្រុង ឈុតវាយគ្នា និងសម្រូតខ្លួនចុះពីទីខ្ពស់ជាដើម។ មូលហេតុដែលលោកតែងថតឈុតឆាកគ្រោះថ្នាក់ដោយខ្លួនឯងក៏ព្រោះតែចង់ឱ្យលទ្ធផលចេញមកល្អ និងមើលទៅដូចពិតៗ ជាពិសេសចង់ឱ្យគុណភាពរឿងដែលលោកសម្ដែងគ្មានភាពខ្វះខាតមើលទៅមិនឆ្គង។

បំបែកកំណត់ត្រាពិភពលោកជាច្រើន

មិនត្រឹមតែមានបទពិសោធយ៉ាងក្រាស់ក្រែលក្នុងការសម្ដែងឡើយ លោក ឈិន ឡុង ក៏ជាតារាសម្ដែងហុងកុងម្នាក់ដែលបំបែកកំណត់ត្រាពិភពលោក Guinness World Records បានច្រើនផងដែរ។ ដោយក្នុងនោះមានដូចជាជាប់កំណត់ត្រាជាតារាសម្ដែងដែលថតឈុតគ្រោះថ្នាក់ដោយខ្លួនឯងច្រើនបំផុត តារាសម្ដែងប្រុសដែលប្រើប្រាស់ក្បាច់ចិនជោគជ័យបំផុត និងជាតារាសម្ដែងប្រុសដែលថតឈុតគ្រោះថ្នាក់ខ្លួនឯងជោគជ័យខ្លាំងជាងគេបំផុត។ លោកក៏បានឈ្នះពានរង្វាន់តូច ធំ មិនតិចជាង ៤៥ ពានផងដែរ ហើយក្នុងឆ្នាំ ២០១៦ លោកក៏បានទទួលពានរង្វាន់អូស្ការ “Academy Honorary Award” ដោយពានរង្វាន់នេះគឺជូនជាពិសេសសម្រាប់រូបលោកដែលបានខិតខំប្រឹងប្រែងក្នុងអាជីពជាតារាសម្ដែងអស់រាប់សតវត្សរ៍ដែលបន្សល់ស្នាដៃល្បីៗ និងអស្ចារ្យជាច្រើនដល់ក្មេងជំនាន់ក្រោយ។ ការតស៊ូរបស់លោកក៏ជាគំរូល្អមួយសម្រាប់ក្មេងៗ ជំនាន់ក្រោយ។

ស្រឡាញ់ក្បាច់គុនចិន និងហ៊ានរិះគន់តារាជំនាន់ក្រោយ

ឈិន ឡុង ជាតារាសម្ដែងប្រុសម្នាក់ដែលតែងតែនិយាយពីក្បាច់គុនចិន បំណងប្រាថ្នារបស់លោកមួយក្នុងចំណោមផ្សេងទៀតគឺចង់ផ្សព្វផ្សាយក្បាច់គុនចិនឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ ដូច្នេះរឿងកុនរបស់លោកសម្ដែងមួយណាគឺមិនដែលខ្វះឈុតឆាកវាយគ្នាដែលប្រើប្រាស់ក្បាច់គុនចិនឡើយ។ លោកធ្លាប់បានទម្លាយថា មូលហេតុមួយដែលលោកមិនសូវលេចមុខក្នុងភាពយន្ដហូលីវូដរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ព្រោះតែពួកគេមិនសូវឱ្យតម្លៃទៅលើក្បាច់គុណចិនដូច្នេះទើបលោកព្យាយាមជ្រើសសម្ដែងក្នុងរឿងណាដែលលោកអាចផ្សព្វផ្សាយក្បាច់គុនចិនដល់ទស្សនិកជន។  ជាមួយគ្នាដែរ លោកតែងតែបង្ហាញពីក្ដីបារម្ភជារឿយៗ ចំពោះតារាសម្ដែងចិន ឬហុងកុងជំនាន់ក្រោយ ដោយសារតែលោកមើលឃើញថា ពួកគេហាក់មិនសូវប្រឹងប្រែងក្នុងការសម្ដែង និងខ្វាយខ្វល់តែភាពល្បីល្បាញប៉ុណ្ណោះ រឿងដែលសំខាន់គឺពួកគេហាក់ខ្លាចភាពនឿយហត់ និងមិនចង់ថតឈុតលំបាកៗ ដោយខ្លួនឯងឡើយ។ ការព្រួយបារម្ភរបស់លោកគឺខ្លាចតារាជំនាន់ក្រោយមិនយកចិត្តទុកដាក់ចំពោះការសម្ដែងដែលធ្វើឱ្យរឿងចេញមកមានគុណភាពមិនល្អលែងមានអ្នកចង់ទស្សនារឿងចិន និងហុងកុង​។

តារាប្រុសដែលតែងធ្វើអំពើសប្បុរស

លោកជាតារាសម្ដែងម្នាក់ដែលតែងចូលរួមការងារក្នុងសង្គម និងធ្វើអំពើសប្បុរស។ លោកបានបង្កើតមូលនិធិមានឈ្មោះថា Jackie Chan ក្នុងឆ្នាំ ១៩៨៨ ដែលមូលនិធិបានជួយដល់យុវវជនហុងកុងជាច្រើនដូចជាអាហារូបករណ៍សិក្សា សេវាវេជ្ជសាស្ដ្រ និងជួយដល់ជនរងគ្រោះដែលរងប៉ះពាល់ដោយគ្រោះធម្មជាតិ។ល។ ក្នុងឆ្នាំ ២០០២ លោកក៏បានបង្កើតមូលនិធិផ្សេងមួយទៀតគឺ Dragon’s Heart Foundation ដែលផ្ដោតទៅលើការជួយកុមារ និងមនុស្សចាស់ជរា នៅតំបន់ដាច់ស្រយាលក្នុងប្រទេសចិន។ លោកក៏បានបរិច្ចាគប្រាក់រាប់លានដុល្លារកំឡុងពេលមានរញ្ជួយដីនៅប្រទេស ហៃទី និងប្រទេសចិន។ លោកក៏បានបរិច្ចាគប្រាក់ជាច្រើនកំឡុងពេលមានវិបត្ដិកូវីដ ១៩ និងបានឧបត្ថម្ភម៉ាសចំនួន ១​លាន ៥ ម៉ឺនដល់ប្រទេសកម្ពុជា ដើម្បីការពារជំងឺកូរីដ ១៩ ផងដែរ។ លោកក៏បានជាប់ក្នុងបញ្ជីទស្សនាវដ្ដី Forbes ជាតារាប្រុសម្នាក់ដែលធ្វើអំពើសប្បុរសធម៌ច្រើនបំផុតក្នុងចំណោម ១០ នាក់។ មិនតែប៉ុណ្ណោះ លោកគ្រោងបរិច្ចាគទ្រព្យសម្បត្ដិទាំងអស់របស់លោកបន្ទាប់ពីអស់ជីវិតទៅមូលនិធិសប្បុរសដើម្បីជួយដល់អ្នកខ្វះខាត និងអ្នកត្រូវការជំនួយ។​ បច្ចុប្បន្ន លោកត្រូវបានគេរាយការណ៍មានទ្រព្យសម្បត្ដិសរុបជាង ៤០០ លានដុល្លារអាមេរិក។

ស្នាដៃដ៏អស្ចារ្យ និងទង្វើល្អៗ របស់លោកបានធ្វើឱ្យមហាជនជាច្រើនជុំវិញពិភពលោកកោតសរសើររូបលោក និងចាប់ទុកលោកជានិមិត្ដរូបម្នាក់ផង។ លោកក៏ត្រូវបានគេចាត់ទុកថាជាតារាប្រុសហុងកុងកំពូលម្នាក់ដែលពិបាករកតារាជំនាន់ក្រោយមកជំនួសតំណែងបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម