នៅថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៣ តារាស្រីហុងកុង Roxanne Tong បានបង្ហោះរូបភាពបណ្ណាការដែលអនាគតស្វាមីតារាប្រុស Kenneth Ma បានជូនដល់រូបនាង និងក្រុមគ្រួសារ។



ក្នុងរូបភាពដែលតារាស្រី Roxanne Tong បានឲ្យឃើញនូវម្ហូបអាហារ ផ្លែឈើ និងនំចំណីផ្សេងៗ ជាពិសេសគឺមានមាសប្រាក់ កងដៃ ខ្សែក ផងដែរ។ នាងក៏បានភ្ជាប់ជាមួយពាក្យពេចន៍អរគុណដល់អនាគតស្វាមីថា៖ អរគុណដល់ លោក Kenneth Ma ចំពោះទឹកចិត្ត និងការស្រឡាញ់។ វាជាលើកទីមួយដែលរូបនាងឃើញអលង្ការស្រស់ស្អាត និងថ្លៃថ្នូរបែបនេះ។ វាពិតជាស្រស់ស្អាតខ្លាំង និងអរគុណដល់សាច់ញាតិនាងដែលជួយជ្រោមជ្រែងផងដែរ។



ជាមួយគ្នាដែរ បើតាមសម្ដីរបស់តារាប្រុស Kenneth Ma ក្រោយរៀបការលោកមានបំណងយកកូនចំនួនពីរ ស្របពេលដែលមិត្តស្រីរបស់លោកនឹងលាឈប់ពីសិល្បៈដើម្បីមើលថែក្រុមគ្រួសារ។ ចំពោះមូលហេតុដោយសារតែនាងមិនផ្ដោតខ្លាំងលើអាជីពជាអ្នកសិល្បៈឡើយ នាងគ្រាន់តែចង់សាកល្បងអ្វីដែលថ្មី និងជ្រើសមកសម្ដែងប៉ុណ្ណោះ។ ជារឿយៗ លោកតែងតែសរសើរដល់អនាគតភរិយារបស់ខ្លួនថា ជាមនុស្សស្រីប៉ិនប្រសប់ការងារក្នុងផ្ទះ និងក្រៅផ្ទះ ថែមទាំងមានអត្ដចរិតស្លូតបូតទៀតផង។



គួរបញ្ជាក់ថា គូស្នេហ៍មួយគូនេះនឹងដឹកដៃគ្នាចូលរោងមង្គលនៅពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ២០២៣ និងមានភ្ញៀវតែ ៨០ នាក់ចូលរួមប៉ុណ្ណោះ ភាគច្រើនសុទ្ធសឹងជាក្រុមគ្រួសារសាច់ញាតិតែម្ដង។ ចំពោះទីកន្លែងរៀបចំពិធីត្រូវបានរាយការណ៍ថានឹងធ្វើនៅក្នុងប្រទេសតំបន់អាស៊ាន ប៉ុន្ដែកូនកំលោះ និងកូនក្រមុំសុំលាក់ជាការសម្ងាត់សិន ៕
























Account
Security
Favourite Content