នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រុមចម្រៀងខេប៉ុប WayV, i-del រូមទាំងក្រុមហ៊ុន YG និង HYBE បានបរិច្ចាគជាទឹកប្រាក់ដាច់ដោយឡែក សម្រាប់ចូលរួមជួយសង្គ្រោះជនរងគ្រោះពីហេតុការណ៍ភ្លើងឆេះអាគារលំនៅដ្ឋានចំនួន ៧នៅក្នុងទីក្រុងហុងកុង។

ជាក់ស្ដែង WayV បានបរិច្ចាកទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារហុងកុង ឬប្រមាណ ៣២,០០០ ដុល្លារអាមេរិកទៅដល់កាកបាទក្រហមហុងកុង ដោយក្រុមខេប៉ុបបុរសមួយនេះបានរៀបរាប់ថា៖ “ការបរិច្ចាគក្រោមឈ្មោះថា WayV នេះ គឺដើម្បីបង្ហាញពីការចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យ ការអាណិតអាសូរដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះវីរបុរសគ្រប់រូបដែលបានជួយសង្គ្រោះក្នុងគ្រោះថ្នាក់នេះ”។
បន្ថែមពីទឹកប្រាក់ សមាកជិកទាំង ៥ ក៏បានសម្រេចលើកថ្ងៃចេញផ្សាយអាល់ប៊ុមពិសេស Eternal White ដែល គ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ទៅថ្ងៃទី១ ខែធ្នូ វិញផងដែរ។

ទន្ទឹមគ្នានេះ មូលនិធិ Fosun របស់ប្រទេសចិនក៏បានឱ្យដឹងដែរថា ក្រុមខេប៉ុបនារី i-dle បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១លានយ៉ន់ ឬប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះក្នុងហេតុការណ៍តែមួយនេះ។ ស្របពេលដែលកន្លងមក សមាជិកក្រុមម្នាក់គឺ Yuqi ក៏ធ្លាប់ចែករំលែកសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនដែរថា៖ “ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នាមានសុវត្ថិភាព”។
ដូចគ្នាដែរ YG Entertainment ក៏បានបង្ហាញការសោកស្ដាយសម្រាប់ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិដែលបានខូចខាតនៅសោកនាដកម្មនេះ។ លើគណនី Weibo ទីភ្នាក់ងារនេះបានរៀបរាប់ថា៖ “យើងសូមសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះ ក៏ដូចជាការគោរពអរគុណចំពោះអ្នកដែលនៅជួរមុខដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយប្រយុទ្ធប្រឆាំងនឹងឧបសគ្គនេះ។ ក្នុងគ្រាដ៏លំបាក YG Entertainment បានសម្រេចចិត្តបរិច្ចាគប្រាក់ចំនួន ១លានដុល្លារហុងកុង ឬ ១៣ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះ និងស្ដារស្ថានភាពឡើងវិញជាបន្ទាន់”។


ស្របគ្នានេះ HYBE Labels ក៏បានបរិច្ចាគប្រាក់ប្រមាណ ២លាន ៦៦ម៉ឺនដុល្លារហុងកុង ល្បាក់ ៣៤ម៉ឺនដុល្លារអាមេរិកដល់សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea ដើម្បីជាមូលនិធិដល់អង្គការមិនស្វែងរកប្រាក់ចំណេញនៅឯទីក្រុងហុងកុង ដើម្បីជួយដល់ប្រជាពលរដ្ឋ និងគ្រួសារដែលរងផលប៉ះពាល់។

គួរឱ្យដឹងផងដែរថា នៅថ្ងៃទី២៦ ខែវិច្ឆិកា វេលាម៉ោង ២ និង ១៥នាទីរសៀល អគ្គិភ័យមួយបានឆាបឆេះអាគារលំនៅដ្ឋានចំនួន ៧ នៅក្នុងស្រុក Tai Po ភាគខាងជើងនៃទីក្រុងហុងកុង ខណៈសារព័ត៌មាន BBC បានចុះផ្សាយថា ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤នាក់ មនុស្ស ៧៦នាក់រងរបួស និង រាប់រយអ្នកទៀតបានបាត់ខ្លួន។
ដ្បិតមិនមានតួលេខមនុស្សដែលនៅក្នុងអាគារនៅពេលកើតហេតុជាក់លាក់ តែអាគារនេះគឺជាលំនៅដ្ឋានរបស់មនុស្សចំនួន ៤៦០០នាក់ ខណៈបច្ចុប្បន្ន អាគារទាំង ៧ ស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបានហើយ៕
























Account
Security
Favourite Content