គិតមកដល់ពេលនេះ តារាចម្រៀងល្បី Justin Bieber និងភរិយា Hailey Bieber បានរៀបអាពាហ៍ពិពាហ៍ចំនួន ៥ ឆ្នាំហើយ រយៈពេលកន្លងមកនេះអ្នកទាំងពីរតែងតែកាន់ដៃគ្នាឆ្លងកាត់ទុក្ខ និងសុខរួមគ្នា។


ជាមួយគ្នាដែរ ដើម្បីអបអរដល់ខួបអាពាហ៍ពិពាហ៍ចំនួន ៥ ឆ្នាំ Justin Bieber ក៏បានបង្ហោះសារយ៉ាងផ្អែមល្ហែមជូនដល់ភរិយាថា៖ “ជូនចំពោះមនុស្សជាទីស្រឡាញ់របស់លោក។ រយៈពេល ៥ ឆ្នាំហើយដែលអ្នកបានចាប់យកចិត្តរបស់ខ្លួន។ ជីវិតស្នេហារបស់យើងពិតជាលើសពីការរំពឹងទុក។ ដូច្នេះបន្ដដំណើរទៅមុខ និងធ្វើឲ្យក្ដីសុបិនរបស់យើងក្លាយជាការពិត។ បងពិតជាស្រឡាញ់អូន។ រីករាយគម្រប់ខួបអាពាហ៍ពិពាហ៍លើកទី ៥” ។ អមជាមួយពាក្យពេចន៍ផ្អែមល្ហែម លោកក៏បានបង្ហោះរូបភាពជាមួយភរិយាផងដែរ។



ចំណែកតារាម៉ូដែល Hailey Bieber ក៏បានបង្ហោះរូបជាមួយស្វាមីដូចគ្នា និងភ្ជាប់ជាមួយពាក្យពេចន៍ថា៖ “អូនស្រឡាញ់បង”។
គួរបញ្ជាក់ថា គូស្វាមីភរិយាមួយគូនេះជួបគ្នាដំបូងនៅពេលដែល Hailey មានអាយុ ១២ ឆ្នាំម្ល៉េះ។ ក្នុងឆ្នាំ ២០១៥ អ្នកទាំងពីរត្រូវបានមហាជនសង្ស័យថាមានទំនាក់ទំនងស្នេហាក្រោយបែកធ្លាយរូបភាពអ្នកទាំងពីរថើបគ្នា និងដើរកម្សាន្ដជាមួយគ្នា។ ក្នុងឆ្នាំ ២០១៨ អ្នកទាំងពីរក៏ប្រកាសភ្ជាប់ពាក្យ និងរៀបការ ព្រមទាំងរស់នៅជាមួយគ្នាយ៉ាងរីករាយមកដល់បច្ចុប្បន្ន ៕

























Account
Security
Favourite Content