Jungkook បានចែករំលែកពីអារម្មណ៍ និងបទពិសោធន៍មិនអាចបំភ្លេចបានជាច្រើននៅពេលថតឈុតឆាកគូស្នេហ៍ជាមួយ Han So Hee ក្នុងបទចម្រៀងទោលរបស់គេ។

ការមកជួបគ្នាដំបូងរវាងកូនពៅ BTS និងទេពធីតារឿងភាគកូរ៉េ Han So Hee បានធ្វើឱ្យ MV បទ “Seven” កាន់តែល្អឥតខ្ចោះ ដោយមានទាំងសាច់រឿងបែបកំប្លែង និងរ៉ូមែនទិក បូករួមជាមួយការសម្ដែងដ៏ស៊ីសង្វាក់ រហូតសាធារណជនជាច្រើនចង់ដឹងថាតើតារាទាំងពីរដួងនេះ មានអារម្មណ៍យ៉ាងណាចំពោះគ្នា។
ឆ្លើយតបតាមរយៈវីដេអូ Live នៅ Weverse, Jungkook បានបង្ហាញអំពីអារម្មណ៍ពិតរបស់គេចំពោះដៃគូសម្ដែងក្នុងបទនេះថា៖ “Han So Hee បានជួយខ្ញុំច្រើនក្នុងនាមជាតួឯកស្រីនៅក្នុង MV ។ ដំបូងខ្ញុំពិតជាមិនដឹងពីរបៀបសម្ដែងឱ្យចូលសាច់រឿងយ៉ាងណានោះទេ ប៉ុន្តែពេលកាមេរ៉ាចាប់ផ្ដើមថត គាត់បានសម្ដែង និងបញ្ជូនអារម្មណ៍មកខ្ញុំបានល្អ។ ខ្ញុំពិតជាអរគុណដល់ Han So Hee គាត់បានជួយខ្ញុំច្រើន អរគុណដល់គាត់ដែលធ្វើឱ្យ MV ជោគជ័យខ្លាំង”។
Jungkook ក៏បាននិយាយពីការសហការជាមួយ Latto ដែលជាតារាចម្រៀងរ៉េបស្រីដ៏ពេញនិយមនៅក្នុងបទចម្រៀងនេះដែរថា៖ “ការស្វែងរកអ្នករ៉េបដែលសក្ដិសមសម្រាប់បទចម្រៀងនេះ ខ្ញុំគឺជាអ្នកផ្តើមគំនិតក្នុងការទាក់ទងគាត់ (Latto) ព្រោះគិតថាគាត់មានសំឡេងដែលត្រូវនឹងបទចម្រៀង។ ខ្ញុំរីករាយដែលគាត់យល់ព្រមសហការ”។


តាមរយៈបទទោលដំបូងនេះ Jungkook បានក្ដោបក្ដាប់កំណត់ត្រាជាច្រើននៅលើតារាងតន្ត្រី និងវេទិកាវីដេអូជុំវិញពិភពលោក មិនថាចំណាត់ថ្នាក់លេខ ១ ក្នុងតារាង iTunes ១០៨ ប្រទេស រហូតដល់កំណត់ត្រាចូលទស្សនា MV ៥៣ លានដង ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ ធ្វើឱ្យតារាវ័យ ២៥ឆ្នាំរូបនេះ អាចបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់ខ្លួនក្នុងនាមជា Golden Maknae នៃក្រុមល្បីលំដាប់សកលលោក ៕

























Account
Security
Favourite Content