តារាសម្ដែងមួយរូបក្នុងរឿងភាគល្បីកូរ៉េ The Glory លោក Jung Sung Il បានបង្ហើបថាលោកនៅតែធ្វើការងារដឹកជញ្ជូនក្រៅម៉ោងឱ្យក្រុមហ៊ុន e-commerce Coupang ទោះបីជារឿងភាគនេះល្បីផ្ទុះទូទាំងសាកលលោកក៏ដោយ។

លោកបាននិយាយបែបនេះកំលុងពេលចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត Moo No Plan ដែល ចាក់ផ្សាយនៅថ្ងៃទី ២២ ខែសីហានេះ។ នៅក្នុងវគ្គនេះ Jung Sung Il បានចូលរួមជាមួយពិធីករ Jeon Hyun Moo និង Kwak Tube សម្រាប់ដំណើរកម្សាន្តដើរញ៉ាំអាហារនៅកោះ Daebudo ។ ដោយបារម្ភថាតារាសម្ដែងរូបនេះស្រកទម្ងន់ ពិធីករកម្មវិធីបានធ្វើម្ហូបឆ្ងាញ់ប្រចាំតំបន់ គឺត្រីក្អែក ដែលគេស្គាល់ថាជាអាហារសុខភាពរដូវក្ដៅក្នុងប្រទេសកូរ៉េ។
ក្នុងអំឡុងពេលញ៉ាំអាហារ Jung Sung Il បានលាតត្រដាងអំពីដំណើរជីវិតដ៏លំបាករបស់លោកក្នុងនាមជាតារាសម្តែង។ លោកបានចែករំលែកថាខ្លួនបានបោះបង់ការសិក្សាពីមហាវិទ្យាល័យតាំងពីឆ្នាំទី១ ហើយក៏ផ្លាស់ទៅទីក្រុងសេអ៊ូលដោយគ្មានគម្រោង និងចាប់ផ្តើមធ្វើការនៅក្នុងរោងល្ខោនប្រចាំទីក្រុង។



នៅពេលសួរថាតើលោកត្រូវតស៊ូបែបណាខណៈជាតារាសម្តែងដែលគេមិនស្គាល់មុខ តារាប្រុសត្រកូល Jung បានសារភាពថា “ខ្ញុំបានព្យាយាមគ្រប់ការងារក្រៅម៉ោងដែលទាក់ទងនឹងការបើកបរ។ ឥឡូវនេះខ្ញុំនៅតែធ្វើការងារក្រៅម៉ោងឱ្យ Coupang សូម្បីតែបន្ទាប់ពីសម្ដែងរឿង The Glory ក៏ដោយ។
ការសារភាពដោយឥតលាក់លៀមរបស់លោកបានធ្វើឱ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើល ប៉ុន្តែក៏បានបង្ហាញពីការពិតមួយជ្រុងទៀតនៃស្ថានភាពហិរញ្ញវត្ថុក្នុងជីវិតរបស់តារាសម្តែងកូរ៉េ សូម្បីតែនៅពេលដែលពួកគេស្ថិតមានឈ្មោះល្បីល្បាញហើយក៏ដោយ។
គួរបញ្ជាក់ថា ភាគដែល Jung Sung Il បង្ហាញមុខសម្រាប់កម្មវិធី Jeon Hyun Moo Plan 2 នឹងចាក់ផ្សាយនៅវេលាម៉ោង ៩:១០ នាទីយប់ ថ្ងៃទី ២២ ខែសីហា ៕
























Account
Security
Favourite Content