ថ្មីៗនេះតារាសម្ដែងកូរ៉េ Jung Il-Woo បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ MBC “Omniscient Interfering” និងបានទម្លាយពីគ្រោះថ្នាក់ចរាចរណ៍ និងរឿងអកុសលដែលបានកើតឡើងចំពោះលោក។



អំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី និងហូបអាហារជួបជុំគ្នាយ៉ាងរីករាយជាមួយភ្ញៀវកិត្ដិយសផ្សេងៗទៀត Jung Il-Woo បានរៀបរាប់ពីរឿងរ៉ាវដែលលោកមិនអាចបំភ្លេចបាន។ លោកបានលើកឡើងថា មុនចូលសម្ដែងរឿង High Kick ក្នុងឆ្នាំ ២០០៦ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ។ កាលនោះលោកបានធ្វើដំណើរក្នុងឡានជាមួយតារាប្រុស Lee Minho។
Jung Il-Woo ចាំបានថា លោក និង Lee Minho ព្រមទាំងមិត្ដភក្ដិផ្សេងទៀតបានទៅដើរកម្សាន្ដជុំគ្នា ស្រាប់តែមានឡានមួយផ្សេងទៀតបើកមកបុកឡានរបស់លោកចំពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងពិតជាធ្ងន់ធ្ងរធ្វើឲ្យលោក និង Lee Minho សុទ្ធតែត្រូវដេកពេទ្យជាច្រើនខែ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នោះ លោកមានភាពភ័យខ្លាច ព្រមទាំងបាត់បង់ការចងចាំអស់មួយរយៈ។ លើសពីនេះលោកស្ទើរតែមិនអាចដើរបាន និងត្រូវការជំនួយពីអ្នកជុំវិញ។ ជាសំណាងល្អ មានមិត្ដម្នាក់ឈ្មោះ Joo ដែលនៅជួយជ្រៀមជ្រែងមើលថែទាំលោក ដោយយកចិត្ដទុកដាក់។ វាពិតជាមានការលំបាក នៅពេលលោកជួបគ្រោះថ្នាក់ លោកទើបមានអាយុ ១៩ ឆ្នាំ។
មែនទែនទៅ លោកពិតជាចង់អរគុណដល់មិត្ដភក្ដិរបស់លោក ដោយសារមានការមើលថែរបស់គេទើបលោកអាចជាសះស្បើយ និងអាចទៅបន្ដថតរឿង High Kick បាន។ លោកពិតជាដឹងគុណមិត្ដសម្លាញ់ម្នាក់នេះខ្លាំង និងទុកលោកដូចជាក្រុមគ្រួសារ។



គួរបញ្ជាក់ថា តារាប្រុស Jung Il-Woo ជាតារាប្រុសកូរ៉េមានទេពកោសល្យម្នាក់។ លោកទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយសម្ដែងក្នុងរឿង High Kick, The Return Of Iijimae, 49 Days និង Four knights។ ក្រៅពីជួបគ្រោះថ្នាក់ចរាចរណ៍ តារាប្រុស Jung II Woo លោកក៏មានជំងឺប៉ោងសរសៃឈាមខួរក្បាលជាហេតុធ្វើឲ្យលោកត្រូវយកចិត្ដទុកដាក់ខ្លាំងចំពោះសុខភាព និងមិនសូវទទួលថតរឿង៕

























Account
Security
Favourite Content