មានកត្ដាជាច្រើនដែលធ្វើឱ្យ Jimin សមាជិកក្រុមចម្រៀងបុរស BTS ក្លាយជាតារាចម្រៀងលេចធ្លោម្នាក់នៅសហរដ្ឋអាមេរិករួមមានរូបរាងដ៏ស្រស់សង្ហា ភាពឈ្លាសវៃ ការរក្សាទំនាក់ទំនង សមត្ថភាព និងទេពកោសល្យខ្លាំងពិតៗ។ មិនត្រឹមប៉ុណ្ណេះ សំនៀងពិរោះរណ្ដំប្លែករបស់លោកបួករួមជាមួយក្បាច់រាំដ៏ទាក់ទាញក៏បានរួមចំណែកធ្វើឱ្យប្រជាប្រិយភាពរបស់លោកកើនឡើងក្នុងចំណោមតារាល្បីៗ ជាពិសេសនៅក្នុងហូលីវូដផងដែរ។

លើសពីនេះ Jimin បានក្លាយជាគំនិតបំផុសរបស់តួអង្គមួយនៅក្នុងខ្សែភាពយន្តគំនូរជីវចលរបស់ Pixar ‘Turning Red’ ហើយបទចម្រៀងរបស់លោកក៏ត្រូវបានគេជ្រើសរើសមកធ្វើជាចម្រៀងប្រកបរបស់ខ្សែភាពយន្ដហូលីវូដធំៗចំនួន ២ គឺ ‘Eternals’ និង ‘Fast and Furious 10’ ទៀតផង។
អ្វីដែលកាន់តែពិសេសប្រជាប្រិយភាពរបស់លោកនៅសហរដ្ឋអាមេរិកត្រូវបានស្ដែងចេញច្បាស់ៗតាមរយៈការឈរលើកំពូលតារាងកម្មវិធីតន្រ្ដីធំៗរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែង Jimin បានក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានឈានដល់ចំណាត់ថ្នាក់លេខ ១ លើតារាង Billboard Hot 100 និង Artist 100 ។ មិនទាន់អស់ឡើយ លោកក៏បង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតដោយបានក្លាយជាសិល្បករតែមួយគត់ដែលទទួលបានកំណត់ត្រាមានអ្នកស្ដាប់ច្រើនជាងគេប្រចាំខែនៅលើកម្មវិធីតន្រ្តី Pandora ផងដែរ។ បន្ថែមលើនេះទៀត ការលក់ដាច់ដល់ទៅជាង ៥០ ម៉ឺនដងនូវបទចម្រៀង ៤ ដូចជា Filter, Lie, Serendipity FLE និង Like Crazy បានធ្វើឱ្យ Jimin ក្លាយជាសិល្បករទោលកូរ៉េតែមួយគត់ដែលអាចក្ដោបក្ដាប់កំណត់ត្រាមួយនេះ។



ថ្មីៗនេះ បើគិតត្រឹមថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤ បទចម្រៀង “Like Crazy” របស់ Jimin ចំណាយពេល ១៦៦ ថ្ងៃឈរលើតារាង Spotify USA Daily Top Songs ហើយបានបង្កើតប្រវត្តិសាស្រ្តថ្មីសន្លាងក្លាយជាបទចម្រៀងកូរ៉េទោលដំបូងបង្អស់ដែលអាចជាប់ចំណាត់ថ្នាក់បានយូរបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់តារាងកម្មវិធីតន្រ្ដីដ៏ធំមួយនេះ។ លើសពីនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ‘Like Crazy’ ក៏បានបង្កើតកំណត់ត្រាមួយទៀតជាបទចម្រៀងកូរ៉េដែលមានអ្នកចូលស្ដាប់ច្រើនជាងគេរហូតដល់លើសពី ៥៨ លានដងនៅក្នុងប្រវត្តិសាស្ត្ររបស់ Spotify USA Daily Top Songs chart ផងដែរ។



គួរបញ្ជាក់ផងដែរថា ក្នុងនាមជាសិល្បករបរទេសដែលមានបទចម្រៀងមិនមែនជាភាសាអង់គ្លេសគឺមិនមែនជារឿងងាយស្រួលនោះទេក្នុងទទួលបានភាពជោគជ័យ និងទទួលស្គាល់បែបនេះក្នុងសហរដ្ឋអាមេរិក។ ដូច្នេះសមិទ្ធផលទាំងនេះរបស់ Jimin ពិតជាបានបង្ហាញអំពីឥទ្ធិពល និងតំណែងរបស់លោកយ៉ាងច្បាស់៕



























Account
Security
Favourite Content