កាលពីប៉ុន្មានថ្ងៃមុននេះ Jessi បានបង្ហាញខ្លួនជាភ្ញៀវនៅក្នុង More Take with Jay Park ដោយបានចែករំលែកពីគំនិត និងការសម្អិតសម្អាតយ៉ាងម៉តចត់មុនពេលចេញបទចម្រៀងរបស់នាង។ ស្របពេលនេះ នាងក៏បានទម្លាយពីមូលហេតុដែលខ្លួនមិនសូវសកម្មដូចកាលពីឆ្នាំមុនដែរ។

Jessi បានប្រាប់ថាបន្ទាប់ពីបទ Zoom ទទួលបានភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់ នាងចាប់ផ្ដើមមានសម្ពាធកាន់តែខ្លាំងដោយសារនាងចង់ផលិតបទចម្រៀងបែបនេះឱ្យបានកាន់តែច្រើន។ ប៉ុន្តែរាល់ពេលដែលនាងចង់ចេញបទចម្រៀងប្រភេទបែបនេះ ក្រុមហ៊ុនចាស់របស់នាងមិនអនុញ្ញាតឱ្យនាងធ្វើនោះទេព្រោះពួកគេចង់ផលិតបទចម្រៀងប៉ុបដើម្បីរកលុយ ដូច្នេះ Jessi ក៏បានចាប់ផ្ដើមមានអារម្មណ៍វិលវល់។


ទន្ទឹមនឹងនេះ តារាចម្រៀងរ៉េបស្រីរូបនេះក៏បានបន្តថារយៈពេលមួយឆ្នាំមកនេះ នាងមិនបានចូលរួមក្នុងកម្មវិធីណាមួយឡើយដោយសារនាងមានអារម្មណ៍ការបំផុសគំនិតក្នុងការផលិតបទចម្រៀងរបស់នាងបានបាត់បង់ទៅហើយ។ លើសពីនេះ Jessi បន្ថែមទៀតថានៅពេលដែលនាងធ្វើជា Freelancer ដោយមិនបានជ្រកគក្រោមទ្រនំផលិតកម្មណាមួយ មានមនុស្សជាច្រើនជុំវិញខ្លួនបានចាកចេញម្ដងម្នាក់ៗដែលពេលនោះបានធ្វើឱ្យនាងដឹងថានាងមិនអាចទុកចិត្តលើអ្នកណាម្នាក់បានទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា Jessi បានចែកផ្លូវជាមួយផលិតកម្ម P-Nation ក្នុងខែកក្កដា ឆ្នាំ២០២២ ហើយបានចុងកុងត្រាថ្មីជាមួយផលិតកម្ម MORE VISION នៅក្នុងឆ្នាំនេះ។ មិនត្រឹមប៉ុណ្ណេះ Jessi នឹងចេញបទចម្រៀងថ្មីរបស់នាងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងនាមជាសិល្បកររបស់ផលិតកម្ម MORE VISION ផងដែរ ៕

























Account
Security
Favourite Content