នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៣ ប្រភពព័ត៌មានកូរ៉េបានចុះផ្សាយថា ក្រុមហ៊ុន MORE VISION ដែលគ្រប់គ្រងដោយ Jay Park មានបំណងចង់ផ្ដាច់កុងត្រាជាមួយតារាខេប៉ុបស្រីល្បី Jessi ដោយសារមានបញ្ហាផ្ទៃក្នុងមួយចំនួន។
ដើមចមដែលធ្វើឲ្យឈានដល់ការផ្ដាច់កុងត្រាត្រូវបានគេសង្ស័យថាទាក់ទិនរឿងការផ្សព្វផ្សាយចម្រៀងថ្មីរបស់ Jessi ដែលមានចំណងជើងថា “Gum”។ បទចម្រៀងនេះ ត្រូវបានចេញកាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ ដោយសារបញ្ហាសុខភាព Jessi ត្រូវបានខកខានមិនបានឡើងផ្សព្វផ្សាយលើកម្មវិធីដូចជា KBS Music Bank, MBC Music Core និង SBS Inkigayo ជាដើម។

ប្រភពផ្ទៃក្នុងបានលើកឡើងថា៖ Jessi និងក្រុមហ៊ុន MORE VISION ចរចាមិនត្រូវរូវគ្នាទាក់ទងការផ្សព្វផ្សាយចម្រៀងថ្មីរបស់នាង រហូតឈានដល់ការដើរបែកផ្លូវគ្នា និងផ្ដាច់កុងត្រា។ ជាមួយគ្នាដែរ កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ Jessi បានបង្ហាញខ្លួនក្នុងកម្មវិធី SBS Power FM នឹងបាននិយាយពីពាក្យសម្ដីមួយចំនួនធ្វើឲ្យគេសង្ស័យថា នាងកំពុងមានបញ្ហាជាមួយក្រុមហ៊ុនរបស់ខ្លួន។ ដោយនាងបានលើកឡើងថា៖ នៅពេលដែលនាងចេញច្រៀងជាតារាទោល នាងរៀនសូត្របានច្រើន និងទទួលបានការក្បត់ ខកចិត្តជាច្រើនដូចគ្នា។ រយៈពេល ៤ ឆ្នាំ នាងមិនទាន់អាចមានពេលសម្រាកទេ នាងពិតជាមានសម្ពាធច្រើន និងហត់នឿយខ្លាំង។
រឿងរ៉ាវទាំងអស់នេះ កាន់តែធ្វើឲ្យមហាជនជាច្រើនជឿថា អ្នកទាំងពីរកំពុងមានរឿងចម្រូងចម្រាស់ឈ្លោះគ្នា ខណៈ Jessi នឹងត្រៀមខ្លួនចាកចេញពីផលិតកម្មរបស់ Jay Park ផងដែរ។ តែយ៉ាងណាក្ដី អ្នកទាំងពីរក៏បានចេញមកបិទពាក្យចចាមអារ៉ាម ដោយបានលើកឡើងថាមិនមានជម្លោះអ្វីឡើយ។


អ្នកទាំងពីរបានបង្ហោះរូបគ្នាទៅវិញទៅមកក្នុង Story អ៊ីនស្ដាក្រាម។ Jessi បានលើកឡើងថា៖ រូបនាងទើបមកដល់ទីក្រុង New York ហើយបែរជាឃើញរឿងអត់ប្រយោជន៍ទាំងនេះទៅវិញ។ នាង និង Jay Park គ្មានជម្លោះអ្វីនោះទេទំនាក់ទំនងគឺនៅល្អប្រសើរល្អធម្មតា ខណៈ Jay Park ក៏បានលើកឡើងថា លោក និង Jessi គ្មានបញ្ហាអ្វីឡើយ ដូច្នេះឈប់បារម្ភទៅ។


គួរបញ្ជាក់ថា Jessi បានចាកចេញពីផលិតកម្ម PD Nation និងបានចុះកុងត្រាជាមួយ MORE VISION កាលពីខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ។ បន្ទាប់ពីចុះកុងត្រារយៈពេល ៧ ខែ នាងក៏បានបញ្ចេញបទចម្រៀងដំបូងក្រោមក្រុមហ៊ុននេះមានចំណងជើងថា Gum៕























Account
Security
Favourite Content