តារាសម្ដែងប្រុសល្បី Jerry Yan ឬ តាវ មីងសឺ ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ និងតែងត្រូវបានមហាជនជាច្រើនសរសើរថាមានរូបរាងមិនចេះចាស់ និងមើលទៅស្រស់សង្ហាខ្លាំងបើទោះមានវ័យ ៤៦ ឆ្នាំទៅហើយក្ដី។ មួយរយៈចុងក្រោយ លោកបានផ្លាស់ខ្លួនពីសម្ដែងរឿងនៅ តៃវ៉ាន់ មកសម្ដែងនៅប្រទេសចិនវិញ និងកាន់តែទទួលបានការគាំទ្រខ្លាំងឡើងពីមហាជន។



ថ្មីៗ នេះ លោកបានចូលរួមក្នុងកម្មវិធី “Signal Of Heart 6” ដែលជាកម្មវិធីមួយតម្រូវឱ្យភ្ញៀវកិត្ដិយសទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនលើប្រធានបទណាមួយ មិនថាតែការងារ គ្រួសារ ឬស្នេហាឡើយ។ ឱកាសនោះ Jerry Yan បានជ្រើសរើសនិយាយពីរឿងរ៉ាវទាក់ទិននឹងការងាររបស់លោក។



លោកបានលើកឡើងថា៖ មនុស្សម្នាក់ៗ សុទ្ធតែត្រូវធ្វើការ ឬធ្វើអ្វីមួយដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ មានពេលមួយដែលលោកមានអារម្មណ៍មើលមិនឃើញពីអនាគតរបស់ខ្លួនឯង ជាពិសេសតើលោកចង់ធ្វើអ្វីឱ្យពិតប្រាកដ។ ក្នុងមួយជីវិតរបស់លោកគឺពិតជាចង់រកអ្វីដែលលោកស្រឡាញ់ពេញចិត្តពិតប្រាកដ និងសង្ឃឹមថាអាចរកវាឃើញនៅថ្ងៃណាមួយ។
លោកបានបន្ថែមថា៖ នៅពេលដែលគ្រប់គ្នាចេះតែធ្វើការ ឬបន្ដធ្វើរឿងដដែលៗ ដល់ថ្ងៃមួយដែលចាស់ទៅធ្វើការលែងកើត អ្នកនឹងចាប់ផ្ដើមមើលត្រឡប់ទៅក្រោយវិញ។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺអ្នកមិនបានដឹង ឬធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត ចុងក្រោយការចងចាំគឺសល់តែការងារធ្លាប់ធ្វើប៉ុណ្ណោះ។



អ្វីដែលតារាប្រុសរូបនេះភ័យខ្លាចនោះគឺគ្មានសល់អ្វីក្រៅពីការធ្វើការងារ មិនបានដឹងថាខ្លួនស្រឡាញ់អ្វី ឬធ្វើអ្វីដែលមានន័យសម្រាប់ជីវិតរបស់ខ្លួន ពោលគឺលោកមិនចង់ឱ្យជីវិតរបស់លោកមានតែការធ្វើការងារនោះទេ៕
























Account
Security
Favourite Content