នៅថ្ងៃទី២២ ខែកក្កដានេះ សារព័ត៌មាន Allkpop បានចុះផ្សាយថា Jeongyeon សមាជិកក្រុម TWICE នឹងចូលរួមសម្ដែងក្នុងភាពយន្ត The Recruit: The Movie ដែលជាភាពយន្តកុនមួយរឿង បង្កើតចេញពីភាពយន្តភាគល្បីឈ្មោះ ក្រោមចំណងជើងតែមួយ។

បង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាខេប៉ុប និងជាសមាជិកក្រុម Twice មក ១០ឆ្នាំ នៅពេលនេះ Jeongyeon បានទទួលតួនាទីថ្មី សម្ដែងជាតួអង្គមន្ត្រីគិលានុបដ្ឋាយិកាយោធា នៅក្នុងរឿងបែបកំប្លែងជុំវិញជីវិតរបស់នាយទាហាន។
ជាក់ស្ដែង The Recruit: The Movie គឺជារឿងមួយដាច់ដោយឡែក ពីរឿងភាគ The Recruit ដែលបានចេញផ្សាយដំបូងនៅក្នុងឆ្នាំ២០២២ ដោយបច្ចុប្បន្ននេះ រឿងកំប្លែងចំណងជើងនេះ មានសរុប ៣រដូវកាលហើយ។ មិនដូចជារឿងភាគ ដែលផ្តោតទៅលើជីវិតរបស់ទាហាននៅក្នុងបន្ទាយ នៅក្នុងទម្រង់ជាកុន The Recruit នឹងផ្លាស់ប្ដូររសជាតិមកនិទានសាច់រឿងនៅក្នុងមន្ទីពេទ្យយោធាវិញម្ដង។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា ខណៈពេលដែលអត្ថភាពយន្តកំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ បច្ចុប្បន្ននេះ តារាស្រីវ័យ ២៨ឆ្នាំកំពុងតែសម្របសម្រួលកាលវិភាគដើម្បីត្រៀមខ្លួនថត ដោយរំពឹងថានឹងអាចចាប់ផ្ដើមនៅចុងឆ្នាំនេះ។
និយាយពីការងារចម្រៀងវិញ ថ្មីៗនេះ TWICE ទើបតែបានបញ្ចេញអាល់ប៊ុមពេញខ្នាតទី៤ “THIS IS FOR” ហើយបច្ចុប្បន្ននេះ កំពុងតែមមាញឹកនឹងដំណើរប្រគំតន្រ្តីទេសចរណ៍ទី៦ របស់ខ្លួន។ នៅថ្ងៃទី២ ខែសីហា ខាងមុខនេះ សមាជិកក្រុមទាំង ៩ ក៏នឹងចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍តន្ត្រី Lollapalooza Chicago ឯសហរដ្ឋអាមេរិកផងដែរ៕
























Account
Security
Favourite Content