តារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ថៃ James Jirayu បានរៀបមង្គលការយ៉ាងសាមញ្ញជាមួយមិត្តស្រីក្រៅសិល្បៈ ក្រោមបរិយាកាសដ៏កក់ក្តៅ និងរ៉ូមែនទិក ។


បន្ទាប់ពីមានការ Surprise សុំរៀបការកាលពីខែតុលាកន្លងទៅ ពិធីមង្គលការសម្រាប់តារាប្រុសរូបសង្ហា James Jirayu និងកូនក្រមុំ Foam Benjamat ក៏បានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែធ្នូនេះ ក្រោមបរិយាកាសដ៏រីករាយនិងកក់ក្ដៅពីមង្គលការកូនកំលោះក្រមុំថ្មីថ្មោងទាំងពីរ ក្នុងកម្មវិធីរៀបចំឡើងយ៉ាងសាមញ្ញដោយមានការចូលរួមអបអរសាទរពីសំណាក់ក្រុមគ្រួសារទាំងសង្ខាង និងមិត្តភ័ក្ដិជិតស្និទ្ធរបស់អ្នកទាំងពីរ។





កាលពីដើមខែធ្នូនេះដែរ តារាសម្ដែងវ័យ ៣១ឆ្នាំ James Jirayu ក៏ទើបតែបានបញ្ចេញរូបថត Pre-wedding ដ៏ផ្អែមល្ហែមជាច្រើនសន្លឹក ជាមួយស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ដែលធ្វើឱ្យអ្នកតាមដានជាពិសេសអ្នកមិនទាន់មានគូលួចច្រណែនមិនតិចឡើយ។
មានអាយុ៣៥ឆ្នាំ ពោលគឺអាយុបង James Ji ៤ឆ្នាំ កូនក្រមុំរបស់ James ឈ្មោះ Foam គឺជានារីក្រៅសិល្បៈ ដោយអ្នកទាំងពីរបានជួបគ្នាដំបូងកាលពី១០ឆ្នាំមុន ខណៈ James Ji ត្រូវថតពាណិជ្ជកម្មមួយ ហើយពេលនោះ Foam ជាអ្នកធ្វើការនៅក្រុមហ៊ុន Production ដែលទទួលថតពាណិជ្ជកម្មនោះ។
អាចនិយាយបានថាចំណងស្នេហារយៈពេល ១០ឆ្នាំកន្លងមករបស់អ្នកទាំងពីរត្រូវឆ្លងកាត់ឧបសគ្គផ្សេងៗជាច្រើន មិនខុសពីរឿងភាគស្នេហារវាងអ្នកគាំទ្រនិងតារាល្បីនោះទេ ដោយ Foam ធ្លាប់ទទួលបានមតិវាយប្រហារច្រើន និងត្រូវគេគាស់កកាយរឿងរ៉ាវផ្សេងៗរបស់ខ្លួន រហូតដល់នាងត្រូវបិទគណនីបណ្ដាញសង្គមទាំងអ៊ិនស្តាក្រាមនិងហ្វេសប៊ុក និងប្រើប្រាស់ជាលក្ខណៈ Private មកដល់បច្ចុប្បន្ន ៕



































Account
Security
Favourite Content