តារាចម្រៀង និងសម្តែងកូរ៉េ IU បានទទួលពានរង្វាន់តួឯកស្រីឆ្នើមប្រចាំឆ្នាំនៅឯកម្មវិធី Blue Dragon Series Awards លើកទី ៤ សម្រាប់ការសម្ដែងរបស់នាងនៅក្នុងរឿងភាគដ៏ល្បីលើ Netflix “When Life Gives You Tangerines” ។


កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីចុងសប្ដាហ៍កន្លងទៅនៅឯសណ្ឋាគារ Paradise City ក្នុងទីក្រុង Incheon ដែលមានពិធីករ Jun Hyun-moo និង Yoona ក្រុម Girls’ Generation ជាអ្នកដំណើរការកម្មវិធី។
បានសម្តែងតួពីរគឺតួម្ដាយ Ae-sun និងតួកូនស្រី Geum-myeong ក្នុងរឿងភាគនេះ IU បានបង្ហាញអារម្មណ៍រំជួលចិត្តទប់ទឹកភ្នែកមិនជាប់ពេលឡើងទទួលពានលើឆាក។ IU រៀបរាប់ថារឿងនេះថាជាគម្រោងមួយដែលបានជំរុញអាជីពរបស់នាងយ៉ាងខ្លាំង ហើយក៏ជារឿងដែលនាងមានមោទនភាពពេញមួយជីវិត ព្រមទាំងមានកិត្តិយស និងរីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមការងារផលិតរឿងនេះ។
តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបានបន្តថ្លែងអំណរគុណដល់អ្នកនិពន្ធរឿង Lim Sang-choon អ្នកដឹកនាំរឿង Kim Won-suk និងអ្នកគ្រប់គ្នាដែលមានឈ្មោះក្នុងដំណើរការផលិត។
បិទបញ្ចប់ចុងក្រោយជាមួយសារលើកទឹកចិត្ត IU ថ្លែងថា៖ “ចំពោះស្រ្តីដែលកំពុងតស៊ូដូចតួអង្គ Ae-suns ទាំងអស់ បើទោះបីជាពិភពលោកកំពុងដាក់សម្ពាធឱ្យអ្នក និងចំពោះយុវតីដូចជា Geum-myeongs ទាំងអស់ដែលបានដាក់ដាំ និងពង្រីកក្តីសុបិនរបស់ពួកគេយ៉ាងក្លាហាន ខ្ញុំសូមបង្ហាញការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ”។

ក្រៅពីពានរង្វាន់សម្រាប់ IU ភាពយន្តភាគ “When Life Gives You Tangerines” ក៏បានឈ្នះពានរង្វាន់ធំៗជាច្រើនទៀតដូចជាពានរង្វាន់តួរងស្រីឆ្នើមសម្រាប់តារាសម្ដែងតួម្ដាយ Yeom Hye Ran និងពានរង្វាន់ Popular Star ដែលជាពានរួមសម្រាប់តួឯកប្រុសស្រី IU និង Park Bo Gum។
ចំណែកពានរង្វាន់សម្រាប់រឿងភាគល្អបំផុតបានទៅលើរឿង “The Trauma Code: Heroes on Call” ដោយតារាសម្ដែងរឿងនេះគឺ Ju Ji Hoon ទទួលបានពានរង្វាន់តួឯកប្រុសឆ្នើម និងតារាសម្ដែង Choo Young Woo ទទួលបានពានរង្វាន់តារាសម្ដែងប្រុសថ្មីឆ្នើម។
តារាសម្ដែង Lee Kwang Soo បានឈ្នះពានរង្វាន់តួរងប្រុសឆ្នើមសម្រាប់ការសម្តែងក្នុងរឿង “Karma” ខណៈដែល Kim Min Ha ទទួលបានពានរង្វាន់ជាតារាសម្ដែងស្រីថ្មីឆ្នើមសម្រាប់ការសម្ដែងក្នុងរឿង “Way Back Love” ។
ទន្ទឹមនឹងនេះដែរកម្មវិធី ” Culinary Class Wars” បានឈ្នះពានរង្វាន់កម្មវិធីទូរទស្សន៍ល្អបំផុតក្នុងឆ្នាំនេះ ៕
























Account
Security
Favourite Content