កាលពីមួយរយៈមុន មានលេចពាក្យចចាមអារ៉ាមជាច្រើនថាក្រុមចម្រៀងនារីល្បី BLACKPINK នឹងមិនបន្ដកុងត្រាជាមួយផលិតកម្ម YG ខណៈអាចនឹងបំបែកក្រុមទៀតផង។ ស្របពេលដែលសមាជិកម្នាក់ៗ សុទ្ធសឹងតែមានផលិតកម្មផ្សេងៗ ទាក់ទងចង់បានឱ្យចូលរួមក្នុងផលិតកម្មរបស់ពួកគេ។
យោងតាមប្រភពព័ត៌មានកូរ៉េ Star News នៅព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្រុមចម្រៀង BLACKPINK មិនចាកចេញពីផលិតកម្ម YG ឡើយ និងកំពុងត្រៀមខ្លួនចុះកុងត្រាថ្មីផងដែរ។ មែនទែនទៅ កុងត្រារបស់សមាជិកម្នាក់ៗ នឹងត្រូវផុតនៅខែ សីហា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយចេញច្រៀងបានរយៈពេល ៧ ឆ្នាំ។

តែយ៉ាងណាមិញ បន្ទាប់ពីដំណឹងនេះត្រូវបានចេញផ្សព្វផ្សាយក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម។ ក្នុងនោះមានអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តនោះទេ ដោយសារពួកគេលើកឡើងថាក្រុមចម្រៀងនារី BLACKPINK មិនសូវទទួលបានការយកចិត្ដទុកដាក់ពីផលិតកម្ម និងមិនសូវបានចេញអាល់ប៊ុមចម្រៀងច្រើនដូចក្រុមចម្រៀងនារីផ្សេងៗ ដែលចេញស្រករៗពួកគេ។ លើសពីនេះ ក្រុមអ្នកគាំទ្រជាច្រើនក៏បានលើកឡើងថា សមាជិក BLACKPINK សុទ្ធសឹងតែជាអ្នកមានសមត្ថភាពមិនធម្មតាទាំងការច្រៀង រាំ និងរ៉េប ប៉ុន្ដែស្ថិតក្រោមផលិតកម្ម YG មិនបានឱ្យពួកគេបញ្ចេញសមត្ថភាពដែលខ្លួនមានមកអស់ឡើយ។

ជាមួយគ្នាដែរ ក៏មានអ្នកគាំទ្រផ្សេងទៀត លើកឡើងថាប្រសិនបើវាជាការសម្រេចចិត្តរបស់សមាជិក BLACKPINK ពួកគេក៏យល់ស្របតាម និងសង្ឃឹមថាមានកំណែទម្រង់ថ្មីដែលអាចធ្វើឱ្យសមាជិកម្នាក់ៗ មានឱកាសបានបញ្ចេញសមត្ថភាពរបស់ខ្លួនកាន់តែច្រើនជាងមុន។
គួរបញ្ជាក់ថា ព័ត៌មានផ្ទៃក្នុងជាច្រើនបានបង្ហើបថា ផលិតកម្ម YG កំពុងតែផ្លាស់ប្ដូរការគ្រប់គ្រងសិល្បករខ្លួន និងបើកសិទ្ធិសេរីភាពឱ្យពួកគេច្រើនជាងមុន។ ជាក់ស្ដែង ក្រុមចម្រៀងនារីថ្មី BABYMONSTER ថ្វីបើពួកគេមិនទាន់ប្រកាសចេញច្រៀងជាផ្លូវការ ប៉ុន្ដែពួកគេអាចដើរចេញជាសាធារណៈ និងអាចនិយាយលេងជាមួយអ្នកគាំទ្របានយ៉ាងងាយស្រួល។ លើសពីនេះ ពួកគេថែមអាចបង្ហោះវីដេអូរាំលេងលើបណ្ដាញសង្គម TikTok ទៀតផងដែលតារាក្នុងផលិតកម្មកាលពីមុនមិនអាចធ្វើបានឡើយ។ នេះបង្ហាញថា YG កំពុងតែព្យាយាមផ្លាស់ប្ដូរការគ្រប់គ្រងរបស់ខ្លួន ទៅលើសិល្បករក្នុងផលិតកម្មហើយ៕























































Account
Security
Favourite Content