សម្រាប់វគ្គ Live Show សប្តាហ៍ទី៤ ហ៊ូអ៊ីន ហ្វាង ពិតជាធ្វើបានល្អ ដោយនាងបានជ្រើសរើសយកបទ «Someone Like You» របស់តារាចម្រៀងអង់គ្លេស Adele មកបកស្រាយយ៉ាងពីរោះ រហូតទទួលបានការសរសើរជាខ្លាំងពីសំណាក់ Coach ទាំងអស់។ គួរឱ្យសោកស្តាយ ហ៊ូអ៊ីន មិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតាមការរំពឹងទុកនោះឡើយ ដោយនាងបរាជ័យត្រឹមវគ្គ Live Show យប់មិញនេះ។

ការចាកចេញរបស់នារីកូរ៉េរូបនេះ ធ្វើឱ្យទស្សនិកជនអ្នកតាមដានកម្មវិធី The Voice Cambodia សោកស្តាយជាពន់ពេក ព្រោះនាងជាបេក្ខភាពជើងខ្លាំងមួយរូប ដែលធ្វើបានល្អតាំងពីវគ្គ Blind Audition រហូតដល់ Live Show សប្តាហ៍ទី៤ នេះ សូម្បីតែគ្រូបង្វឹករបស់នាង គឺតារាចម្រៀង ពេជ្រ សោភា ក៏សោកស្តាយចំពោះការបាត់បង់បេក្ខភាពជើងខ្លាំងម្នាក់នេះដូចគ្នាដែរ។

ក្រឡេកទៅមើលសាមីខ្លួនវិញនោះ មិនបានខូចចិត្តដែលនាងត្រូវធ្លាក់ចេញពីកម្មវិធីប្រកួតនេះឡើយ ផ្ទុយទៅវិញនាងអាចសម្រេចបានគ្រប់យ៉ាងហើយ។ ហ៊ូអ៊ីន បាននិយាយនៅលើឆាកថា នាងជានារីកូរ៉េដែលស្រលាញ់ប្រទេសកម្ពុជា ហើយនាងចង់ក្លាយជាអ្នកផ្សព្វផ្សាយវប្បធម៌ដ៏ស្រស់ស្អាតទៅកាន់ពិភពលោកយ៉ាងស្រស់ស្អាត។
ក្នុងនោះផងដែរ ហ៊ូអ៊ីន ហ្វាង ឬគ្រប់គ្នាតែងហៅថា មន្តស្នេហ៍នារីកូរ៉េ ក៏បានថ្លែងអំណរគុណដល់ ពេជ្រ សោភា ដែលជាគ្រូបង្វឹកផ្ទាល់ ដែលបានជួយបង្ហាត់បង្រៀននាងតាំងពីដើមមក និងអរគុណទៅកាន់ក្រុមគ្រួសារ ហ្វេនៗដែលតែងតែជួយគាំទ្រឱ្យបានជាប់រហូតមកដល់វគ្គនេះ៕

























Account
Security
Favourite Content