ដូចបានជ្រាបហើយថា តារាស្រីរូបស្រស់ ហេង ចន្ថា ក៏ធ្លាប់ប្រឡូកក្នុងវិស័យបវរកញ្ញាដែរ កាលអំឡុងឆ្នាំ ២១០៦ ដោយកាលនោះនាងជាម្ចាស់ជយលាភី Miss Grand Cambodia 2016 ប៉ុន្តែគួរឱ្យសោកស្តាយនាងគ្មានឱកាសស្រែកពាក្យ Miss Grand Cambodia លើឆាក Miss Grand International 2016 នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក កាលឆ្នាំនោះឡើយ ដោយសារតែកញ្ញាត្រូវបដិសេធ មិនបានទទួលទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដល់ទៅ ២ លើក ក្រោមហេតុផលថា ខ្លាចនាងមិនវិលមកមាតុភូមិវិញក្រោយពេលប្រកួតចប់។

ក្រោយខកឱកាសដ៏ធំនេះ ហេង ចន្ថា បានដកដៃចេញពីវិស័យបវរកញ្ញា ហើយមិនដាក់ពាក្យប្រកួតកម្មវិធីថ្មីណាឡើយ ដោយនាងងាកមកធ្វើការងារសិល្បៈផ្សេងៗដូចជា ថតភាពយន្ត ថតសម្អាងការ ថតស៉្បតពាណិជ្ជកម្ម និងថតផលិតផល និងងាកមកធ្វើជំនួញអនឡាញផ្ទាល់ខ្លួនវិញ។ ប្រាប់ឱ្យដឹងថ្មីៗនេះ ចន្ថា ថា នាងគ្មានគម្រោងត្រឡប់មកប្រឡូកវិស័យបវរកញ្ញាវិញឡើយ ព្រោះនាងគិតថាខ្លួនឯងហួសពេលទៅហើយ ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយវិញម្តង។


តារាសម្តែងសាច់សខ្ចីនេះថា មែនទែនទៅមានអ្នកជុំវិញខ្លួន និងហ្វេនជាច្រើន បានសំណូមពរឱ្យនាងចូលប្រកួតម្តងទៀត តែត្រូវនាងបដិសេធ ដោយសម្រេចចិត្តថាមិនចូលប្រកួតទៀតឡើយ។
ចន្ថា សារភាពថា ការពិតទៅនាងក៏មានកូនចិត្តគិតស្តាយឆាកអន្តរជាតិដែលមិនទាន់បានឡើងទៅប្រកួតដែរ ហើយក៏ធ្លាប់គិតចង់ប្រឡងម្តងទៀត ប៉ុន្តែនាងគិតថា ប្រសិននាងចូលប្រឡូកម្តងទៀត គឺនាងត្រូវការពេលវេលាច្រើន ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯង តែស្ថានភាពជាក់ស្តែងនាងពេលនេះ គឺនាងសូវមានពេលវេលាច្រើនទេ ដូច្នេះក៏សម្រេចចិត្តបោះបង់វិស័យបវរកញ្ញាដែលធ្លាប់ជាក្តីស្រមៃដ៏ធំរបស់ខ្លួនឯង។
ទោះជាយ៉ាងនេះក្តី ហេង ចន្ថា នៅតែបម្រើអារម្មណ៍ទស្សនិកជន និងហ្វេនៗតាមរយៈការងារសិល្បៈផ្សេងៗ។ ឆាប់ៗនេះ នាងនឹងមានស្នាដៃរឿងដុំថ្មី ២ មកចែកជូនហ្វេនទស្សនា គឺរឿង «លោកប៉ាមហាកូរ វគ្គ២» និងរឿង «កំពូលកូន»។ កុំភ្លេចរង់ចាំតាមដានទស្សនាស្នាដៃរឿងថ្មីទាំងពីររបស់ ហេង ចន្ថា ដែលនឹងចាក់បញ្ចាំងតាមរោងភាពយន្តឆាប់ៗនេះ!



























Account
Security
Favourite Content