បង្ហាញខ្លួនក្នុងវីដេអូយូធូបរបស់ W Korea នាពេលថ្មីៗនេះ តារាស្រីខេប៉ុប Taeyeon ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយផង និងមានការព្រួយបារម្ភផង ក្រោយនាងនិយាយពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។


តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានលើកឡើងពីរបស់របរដែលនាងចូលទិញ នៅពេលទៅផ្សារទំនើប និងបានលើកឡើងថាវាជាអាថ៍កំបាំងមួយដែលខ្លួនតែងលាក់ទុកមិនប្រាប់នរណាឲ្យបានដឹង។ នាងបានលើកឡើងថា នាងជាមនុស្សចូលចិត្ដញ៉ាំចាហួយ ឬស្ករចាហួយទន់ស្វិត។ នាងតែងតែទិញវាទុកជាប្រចាំ មិនថាក្នុងផ្ទះ ឬក្នុងរថយន្ដគឺសុទ្ធតែមានជាប់ជាប្រចាំ។ នាងញៀនជាមួយ ចាហួយ អស់ទាំងនេះដល់ថ្នាក់ ឲ្យតែឃើញគឺញ៉ាំតែម្ដង។ នៅពេលសួរពីអាហារសម្រន់ដែលនាងចូលចិត្ដជាអ្វី? តារាស្រី Taeyeon គឺឆ្លើយមិនស្ទាក់ស្ទើរនោះឡើយ ខណៈចម្លើយជា ចាហួយ។


Taeyeon បានទម្លាយប្រាប់ថា នាងពិតជាចូលចិត្ដ ចាហួយខ្លាំង និងចូលចិត្ដញ៉ាំវាគ្រប់ពេលវេលា។ ជាទូទៅនាងមិនសូវញ៉ាំអាហារផ្សេងៗឡើយ ក្រៅពីចាហួយ និងកាហ្វេ។ ព្រោះទម្លាប់ញ៉ាំរបស់នាងដូចនេះ នាងក៏ត្រូវបានម្ដាយរបស់ខ្លួនស្ដីបន្ទោសផងដែរ។



ក្រោយនិយាយពីទម្លាប់ញ៉ាំអាហាររបស់ខ្លួនរួច មហាជន និងអ្នកគាំទ្រជាច្រើនសម្ដែងការព្រួយបារម្ភពីសុខភាពនាងខ្លាំង និងសង្ឃឹមថានាងយកចិត្ដទុកដាក់ចំពោះខ្លួនឯងឲ្យបានល្អប្រសើរជាងមុន។ ការធ្វើបែបនេះ ពិតជាមានគ្រោះថ្នាក់ ជាពិសេសបើក្មេងៗ ដែលបានមើលវីដេអូរបស់តារាស្រីរូបនេះហើយធ្វើត្រាប់តាម វាកាន់តែមានគ្រោះថ្នាក់ថែមមួយកម្រិតទៀត។ មហាជនមួយចំនួនលើកឡើងថា នាងប្រហែលជាកំពុងមានបញ្ហាក្នុងការញ៉ាំ គឺអស់ចំណង់ក្នុងការញ៉ាំអាហារដូចជាសាច់ បន្លែជាដើម។


គួរបញ្ជាក់ថា បញ្ហានេះមិនមែនកើតមានតែលើតារាស្រី Taeyeon ឡើយ តារាខេប៉ុបជាច្រើនដូចជា Dawn ក៏បានលើកឡើងថាខ្លួនជាមនុស្សញ៉ាំតិច និងមិនសូវមានចំណង់ក្នុងការញ៉ាំអាហារឡើយ៕























Account
Security
Favourite Content