តារាចម្រៀងជួរមុខកូរ៉េ G-Dragon បានប្រកាសលុបចោលការប្រគំតន្ត្រីរបស់ខ្លួននៅទីក្រុងបាងកក ដោយបានសម្តែងការសុំទោសដោយស្មោះចំពោះអ្នកគាំទ្រ។ នៅថ្ងៃទី ១១ ខែកក្កដា ក្រុមការងាររបស់លោកបានប្រកាសតាមរយៈទំព័រអ្នកគាំទ្រផ្លូវការថា “ការប្រគំតន្ត្រី G-DRAGON 2025 WORLD TOUR [Ubermensch] IN BANGKOK” ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២ ខែសីហា ត្រូវបានលុបចោលហើយដោយសារតែ “ករណីប្រធានស័ក្តិ” (កាលៈទេសៈមិនអាចគ្រប់គ្រង ឬស្មានទុកមុនបាន)។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា “ពួកយើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានរង់ចាំការសម្តែងនេះ និងសោកស្តាយដោយស្មោះចំពោះការខកចិត្ត និងការរអាក់រអួលដែលបានកើតឡើង។ ពួកយើងសូមអរគុណចំពោះការគាំទ្រ និងការអត់ធ្មត់ជាបន្តបន្ទាប់របស់អ្នកគាំទ្រថៃ”។
សូមបញ្ជាក់ថា ការប្រគំតន្ត្រីនៅទីក្រុងបាងកក គ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Rajamangala ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ មុនពេលចាប់ផ្តើមសំបុត្រ កម្មវិធីនេះក៏ត្រូវបានលុបចោលទាំងស្រុង ដែលធ្វើឲ្យអ្នកគាំទ្រថៃជាច្រើនស្រឡាំងកាំង។ នៅលើបណ្ដាញសង្គម មានការបង្ហោះសារពីការខូចចិត្ត និងការខកចិត្តជាច្រើនក្នុងចំណោមអ្នកគាំទ្រនៅប្រទេសថៃ។
ខណៈពេលដែលហេតុផលពិតប្រាកដនៅពីក្រោយការលុបចោលនេះនៅតែមិនច្បាស់លាស់ ការលើកឡើងអំពី “ករណីប្រធានសក្ដិ” បានបង្ហាញពីការពិចារណាល្អិតល្អន់ដោយសិល្បករ និងក្រុមការងាររបស់ផលិតកម្ម។
ទន្ទឹមនឹងការចេញផ្សាយព័ត៌មាននេះ G-Dragon បានចាកចេញពីអាកាសយានដ្ឋាន Incheon ទៅកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី ១០ ខែកក្កដា ដើម្បីបន្តកាលវិភាគប្រគំតន្ត្រីទេសចរណ៍ “2025 World Tour Ubermensch” របស់ខ្លួននៅថ្ងៃទី១១ ដល់ទី ១៣ ខែកក្កដានេះ ៕



























Account
Security
Favourite Content